ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ទទួលជួបតំណាងការិយាល័យអង្គការJICA ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិ ប្រើប្រាស់ ជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងាសហប្រតិ បត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា លើគម្រោងការកសាងផែនការ និងគម្រោងហិរញ្ញប្បទាន ឥតសំណងសម្រាប់អភិវឌ្ឍន៍ ក្នុងរាជធានីភ្នំពេញ។ ជំនួបពិភាក្សានេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ១៧ សីហា ឆ្នាំ២០១៧ នៅសាលា រាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា៖ នៅក្នុងកិច្ចពិភាក្សានេះ លោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ឃួង ស្រេង ដែលបានឡើងមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញនាពេលនេះ។ ហើយក៏បានលើកនូវការងារមួយចំនួនមកពិភាក្សាដូចជា កិច្ចសហប្រតិបត្តិការ ក៏ដូចជាជំនួយ ទាំងការងារបច្ចេកទេស និងការងារហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈJICA ធ្វើការងារនៅក្នុងរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្ដី បានបន្តថា៖ សម្រាប់គម្រោង រដ្ឋាភិបាលជប៉ុននៅក្នុងរាជធានីភ្នំពេញមានដូចជា៖ គម្រោងការពារទឹកជំនន់ គម្រោងចម្រោះទឹកសំអុយ និងគម្រោងប្លង់គោលដឹកជញ្ជូនសម្រាប់ឆ្នាំ២០៣៥។ ក្នុងឱកាសនោះលោក ស៊ូកាណូ យូឈី បានសំណូមពរមកខាងសាលារាជធានីភ្នំពេញលើបញ្ហាដោះស្រាយទឹកជំនន់ ដែលJICA បានសិក្សា និងអនុវត្តកន្លងមក ហើយស្នើឱ្យមានកិច្ចសហការគ្នាបន្តទៀតដើម្បីបញ្ចប់គម្រោងនេះ ព្រោះគម្រោងខាងលើនេះ បានអនុវត្ត៣ជំហានរួចមកហើយ និងសម្រាប់ជំហានទី៤នេះ សម្តេច តេជោ បានឯកភាពនិងចុះកិច្ចសន្យា ជាមួយថ្នាក់ដឹកនាំជប៉ុន ខណៈសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចកាលពីពេលថ្មីៗកន្លងទៅនេះ ដូច្នេះសុំឱ្យរដ្ឋាបាលរាជធានីភ្នំពេញជួយសហការនិងសម្រួលនូវរាល់កិច្ចការពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការងារបញ្ចប់ទៅដោយជោគជ័យ។
ទាក់ទិនទៅនឹងប្រព័ន្ធនៃការដឹកជញ្ជូនវិញ តាមផែនការជប៉ុនគ្រោងបញ្ជូនរថយន្តក្រុង ដែលជាជំនួយរបស់ប្រទេសជប៉ុនមកកម្ពុជា ក្នុងជំហានទី១ នៅគឡុងខែ៥ឬខែ៦ឆ្នាំ ២០១៨ខាងមុខនេះ ដែលJICA កំពុងរៀបចំឯកសារពាក់ព័ន្ធនិងនឹងការបញ្ជូនរថយន្តទាំងនោះមកកម្ពុជា។ ក្នុងគម្រោងជាមួយគ្នានេះដែរ JICA ក៏គ្រោងនឹងបណ្តុះបណ្តាលបច្ចេក ទេសដល់បុគ្គលិកពាក់ព័ន្ធ ពីសេសអប់រំពីច្បាប់ចរាចរដល់អ្នកបើកបររថយន្តក្រុងទាំងនោះផងដែរ។
ដោយឡែក ពាក់ព័ន្ធនិងបញ្ហាភ្លើងស្តុប JICA បានរៀបចំប្រមាណ៥០ទីទាំងរួចហើយ ក្នុងចំណោមទីតាំងទាំង១០០ដែលជាជំនួយរបស់មិត្តជប៉ុន ហើយចាប់ពីពេលនេះទៅ JICA នឹងជម្រុញពន្លឿនការងាររៀបចំភ្លើងស្តបក្នុងរាជធានីភ្នំពេញឱ្យបាន៨០ទីតាំង ក្នុងរយៈពេល១ខែ៕ សំរិត