ខេត្តបាត់ដំបង៖ ព្រះវិហារមួយ មានអាយុកាលជាង៣០០ឆ្នាំ ស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ត្រូវបានព្រះសង្ឃ អាចារ្យ គណកម្មាធិការវត្ត អំពាវនាវស្វែងរកសប្បុរសជនក្នុងស្រុក និងក្រៅប្រទេស ជួយឧបត្ថម្ភជួសជុលកែលំអឡើងវិញ ដើម្បីអភិរក្ស។
លោកតា ធុន សុវត្ថិ អាចារ្យវត្តសំរោងក្នុង បានរៀបរាប់ថា ព្រះវិហារវ័យចំណាស់មួយនេះ បានកសាងឡើងដោយលោកតា ត្តុង្គ ជ័យ ក្នុងអំឡុងចុងសតវត្សទី១៨ និងដើមសតវត្សទី១៩ បើគិតរហូតមកដល់សព្វថ្ងៃនេះមានអាយុកាលប្រមាណជា៣១០ឆ្នាំហើយ។
ដោយសារតែមើលឃើញព្រះវិហារនេះ ទ្រុធទ្រោមពីមួយឆ្នាំទៅមួយឆ្នាំ រូបលោកព្រមទាំងព្រះសង្ឃ អាចារ្យគណកម្មាធិការវត្តសំរោង មានការព្រួយបារម្ភខ្លាចខូចរចនាបថ និងចង់រក្សាឲ្យនៅគង់វង្សទៅតាមរចនាបថដើម ទើបសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសជួយឧបត្ថម្ភ ដើម្បីរៀបចំជួសជុលឡើងវិញ។
ព្រះអង្គបញ្ញាវរោ ម៉ុត សារឿន ចៅអធិការវត្តសំរោងក្នុង បានមានសង់ដីកាថា ព្រះវិហារវ័យជាង៣០០ឆ្នាំមួយនេះ មានរចនាបថដើមបែបបុរាណហើយសព្វថ្ងៃកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តរាល់ថ្ងៃ។ ក្នុងនាមចៅអធិការវត្តក៏ដូចជាអាចារ្យ និងគណកម្មាធិការទាំងអស់ សូមអំពាវនាវទៅដល់សប្បុរសជនក្រៅ និងក្នុងប្រទេស ពិសេសស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមជួយសហការជួសជុលឡើងវិញ ព្រោះព្រះវិហារនេះកំពុងតែឌ្រុធទ្រោមខ្លាំងណាស់ ខ្លាចបាត់បង់សុភាវដើម៕ ហេង សូរិយា