ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជេរប្រមាថនិងទាញកាំបិតបុ័ងតោ ដេញតាមកាប់ប្រហារទៅលើស្រ្តីម្នាក់ប៉ុន្តែ នាងបានរត់ចូលបន្ទប់ជួលមួយកន្លែងទាន់ពេល ហើយជននោះបានកាប់ទ្វារបន្ទប់បណ្ដាលឲ្យខូចខាតថែមទៀត ព្រោះតែជំពាក់លុយជនរងគ្រោះ១ម៉ឺនរៀល មិនព្រមសងហើយខឹងស្រ្តីរងគ្រោះទៅទារមិនព្រមឈប់។បន្ទាប់មកជននោះត្រូវបានកម្លាំងនគរបាលឲ្យឃាត់ខ្លួនទៅកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីសួរនាំប៉ុន្តែស្រ្តីរងគ្រោះមិនបានដាក់ពាក្យប្ដឹងនោះទេ ដោយគ្រាន់តែសុំឲ្យនគរបាលជួយធ្វើការអប់រំជននោះរួចដោះលែងវិះតែប៉ុណ្ណោះ។
ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនោះឈ្មោះឡុង ឈី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិចំកាលើ ឃុំចំការលើ ស្រុកព្រៃឈរ កំពង់ចាម និងស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ចំណែកស្រ្តីរងគ្រោះឈ្មោះអៀង វលក្ខ័ អាយុ ២៧ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើនោះដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានខ្ចីលុយពីស្រ្តីរងគ្រោះ ចំនួន១ម៉ឺនរៀលយូរហើយ ប៉ុន្តែមិនព្រមសងទាល់តែសោះ ទោះបីជានាងទៅទារច្រើនដងហើយក្ដីក៏មិនព្រមសងដែរ និយាយរួមជននោះមិនមានចេតនាចង់សងឡើយ។ដោយឡែកនៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានទៅទារលុយជននោះម្ដងទៀត ប៉ុន្តែជនសង្ស័យខាងលើមិនត្រឹមតែមិនព្រមឲ្យប៉ុណ្ណោះទេ ថែមទាំងជេរប្រមាថត្មេះដៀលប៉ុណ្ណោះទេ ថែមទាំងរត់ចូលទៅក្នុងបន្ទប់ជួលរួចយកកាំបិតបុ័ងតោ ដេញកាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះទៀត។
ប្រភពដដែលបានបន្តទៀតថា ពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងបន្ទប់បិទទ្វារខ្ទាស់គននលឹសពីខាង ក្នុងជាប់ ហើយជនសង្ស័យចូលទៅកាប់មិនបាន ក៏បានកាប់ទ្វារបន្ទប់បណ្ដាលឲ្យរងការខូចខាត និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះហើយបាន ចាប់ខ្លួនជននោះទៅកាន់ប៉ុស្ដិ៍ដើម្បីសួរនាំ ចំណែកស្រ្តីរងគ្រោះក៏បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅដែរ ប៉ុន្តែនាងមិនបានដាក់ពាក្យប្ដឹងឡើយ គឺគ្រាន់តែស្នើរសុំឲ្យនគរបាលជួយធ្វើការអប់រំជននោះរួចដោះលែងវិញតែប៉ុណ្ណោះ៕ សុខាសែនជ័យ