ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការមន ទាត់ឆ្នាំងបបរអ្នកលក់តាមចិញ្ចើមផ្លូវចោល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលដែលប្រកបរបរ រែកបបរលក់តាមចញ្ចើមផ្លូវ ដើម្បីជីវភាពគ្រួសារ តែត្រូវសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការមន ទាត់ឆ្នាំងបបរចោល ខណ:ស្ត្រីរូបនោះមកលក់លើចិញ្ចើមថ្នល់ ដែលក្រុមសន្តិសុខនោះកំពុងចុះរៀបចំសណ្តាប់ធ្នាប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងឃើញហេតុការណ៍ជាក់ស្ដែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកមីងម្នាក់បានរែកបបរលក់តាមចញ្ចើមផ្លូវនៅកន្លែងកើតហេតុ ស្របពេលនោះក៏មានកម្លាំងប្រជាការពារសាលាខណ្ឌចំការមន ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវ ហើយមិនដឹងជាមានរឿងអ្វីជាមួយនិងអ្នកមីងលក់បបរនោះទេ ស្រាប់តែមកទាត់ឆ្នាំងបបររបស់គាត់តែម្ដង បណ្ដាលឲ្យចាក់ចោលពេញផ្លូវ ក្នុងនោះដែរប្រជាពលរដ្ឋដែលនៅក្បែរនោះ និងអ្នកដំណើរដែធ្វើចរាចរណ៍នៅទីនោះ មានការរិះគន់ និងមានអ្នកខ្លះជេរដាក់បណ្តាសសារចំពោះសន្តិសុខខាងលើថា មិនគួរទៅវាយកម្ទេចឆ្នាំងបបររបស់ស្ត្រីខាងលើនោះទេ មានរឿងអ្វីយើងអាចដោះស្រាយគ្នាតាមផ្លូវច្បាប់បាន។

ក្រោយមក ដោយមានការអន្តរាគមន៍ពីលោក ព្រំ សំខាន់ គណ:បញ្ជាការឯកភាពខណ្ឌចំការមន បានសងថ្លៃខូចខាតដល់ស្ត្រីអ្នកលក់បបរនោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនិងធ្វើការអប់រំដល់កូនចៅឲ្យឈប់ប្រព្រឹត្តអំពើរហិង្សាបែបនេះបន្តទៀត៕  ស សារ៉េត

 


ចែករំលែក៖