ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ប្តឹង Neymarទារលុយ១០លានដុល្លារមកវិញរឿងផ្ទេរទៅ PSG

ចែករំលែក៖

ក្លិប Barcelonaនឹងប្តឹងកីឡាករ Neymarដើម្បីទារលុយសំណង ទឹកប្រាក់ចំនួន៨,៥លានអឺរ៉ូ (ប្រមាណ១០លានដុល្លារអាមេរិក) ដោយសារតែខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនេះ ផ្លាស់ទៅកាន់ ក្រុម Paris Saint-Germain ក្នុងតម្លៃកំណត់ត្រាពិភពលោក។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងពាក្យបណ្ដឹងក្លិបទាមទារ ឱ្យ Neymar សងប្រាក់ដែលបានបង់រួចហើយសម្រាប់កិច្ចសន្យាថ្មីរបស់គាត់ ខណៈដែលគាត់មិនបានបញ្ចប់កិច្ចសន្យារបស់គាត់ ហើយយើងទាមទារ៨,៥ លានអឺរ៉ូក្នុងការសង និង១០ភាគរយ បន្ថែមទៀតដោយសារតែការពន្យារពេលបង់ប្រាក់” ។

ក្លិបយក្ស Barcelona បានឲ្យដឹងថា ក្លិបទាមទារឲ្យកីឡាករ Neymar ប្រគល់ ទឹកប្រាក់ដែលបង់ឲ្យរួចជាស្រេចត្រឡប់មកវិញ ខណៈដែលរូបគេមិនបានបំពេញ កិច្ចសន្យារបស់គេឡើយ។ ក្លិប Barcelona ក៏ស្នើឲ្យ Paris St-Germain ទទួលខុសត្រូវសម្រាប់ការបង់សងចំពោះទឹកប្រាក់នោះផងដែរ ប្រសិនបើកីឡាកររូបនេះមិនអាចធ្វើបានដោយខ្លួនគេផ្ទាល់ ។

ក្លិប Paris St-Germain ក៏បានឆ្លើយតបវិញថា ពួកគេពិតជាមានការភ្ញាក់ផ្អើលចំពោះ សេចក្តីប្រកាសរបស់ក្លិប Barcelona ។ ក្លិបសូមបញ្ជាក់ម្តងទៀតរួមជាមួយនឹងខ្សែប្រយុទ្ធ Neymarថា យើងពិតជាគោរពតាមច្បាប់ និងលក្ខខណ្ឌផ្សេងៗទាំងអស់ ប៉ុន្តែ ពិតជាសោកស្តាយណាស់ ចំពោះឥរិយាបថរបស់ក្លិប Barcelona។

ចំណែកក្រុមគ្រួសាររបស់កីឡាករ Neymar បានឆ្លើយតបទៅ នឹងការថ្លែងការណ៍របស់ក្លិប Barcelona ដោយបានបញ្ជាក់ថា Neymarបានគោរពតាមកិច្ចសន្យាពេញលេញនៅពេលផ្ទេរ។

សូមបញ្ជាក់ថា ពាក្យបណ្តឹងទាក់ទិននឹងកីឡាករ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានដាក់ទៅកាន់តុលាការការងាររួចហើយក្នុងទីក្រុង Barcelona កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧៕ ដេវីត


ចែករំលែក៖