ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវចោរប្លន់បាញ់១គ្រាប់កាំភ្លើង ត្រូវចំសៀតផ្កាដេកស្លាប់ក្រោមផ្ទះជិតជណ្តើរក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ប្លន់យកទ្រព្យសម្បត្តិអស់ ខណៈប្តីមិននៅផ្ទះ ទៅធ្វើការនៅភ្នំពេញ។
ករណីខាងលើនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះមានឈ្មោះ សូរ ឈន អាយុ ៥៤ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវប្រពន្ធ(ស្ត្រីរងគ្រោះ) ហើយនៅល្ងាចថ្ងៃទី២៥ ម៉ោងប្រហែល៤ជាង លោកបានទូរស័ព្ទពីភ្នំពេញមកប្រពន្ធសួរថា មានធ្វើការថែមម៉ោងអត់ ស្ត្រីរងគ្រោះ(ប្រពន្ធ)បានឆ្លើយថា ធ្វើលុះមកដល់៨ជាងយប់ ក៏ទូរស័ព្ទសួរទៀតដូចសព្វមួយដង ក៏គ្មានអ្នកលើកនោះទេ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ ដោយសង្ស័យថាប្រហែលជាមានរឿងអីហើយក៏ហៅក្មួយប្រុសជិះម៉ូតូឌុបទៅខេត្តស្វាយរៀង នៅម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លុះដល់ម៉ោង៨និង៣៥នាទី ព្រឹក ទើបមកដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធដេកស្លាប់នៅក្រោមផ្ទះ ជិតកាំជណ្តើរក្នុងថ្លុកឈាមគួរឲ្យសង្វែគ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យមើល។
បើតាមអ្នកភូមិផ្ទះជិតកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅយប់ថ្ងៃកើតហេតុ គឺនៅក្នុងភូមិមានពិធីបូជាសព និងការបាញ់កាំជ្រួចយ៉ាងច្រើន បន្ទាប់មកឮស្នូរផ្ទុះ ក្រោយពីបាញ់កាំជ្រួចចំនួន២គ្រាប់ អ្នកភូមិស្មានថា ជាស្នូរបាញ់កាំជ្រួច អ្នកខ្លះគិតថាផ្ទុះកំប៉ុងហ្គាស លុះព្រឹកឡើងទើបដឹងថា ជាករណីបាញ់សម្លាប់ប្លន់ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិទៅចោរមរោមមើល។
បើតាមលោក កែវ ស៊ីថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយរៀងបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានករណីបាញ់សម្លាប់ស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុធ្វើពិនិត្យមើល និងសន្និដ្ឋានថាជាករណីប្លន់សម្លាប់ពិតមែន ដោយប្តីស្ត្រីរងគ្រោះប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមាន៖ ខ្សែកមាស១ដំឡឹង ខ្សែដៃ២ខ្សែស្មើ១ដំឡឹងកន្លះ លុយដុល្លារ១៧០០ដុល្លារ និងប្រាក់រៀល២៧០០០០០រៀល ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវវែងមុខចោរប្លន់ទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ យឹម សុថាន