ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខបងប្អូនកម្មករជាង៤ពាន់នាក់ នៅកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសួរសុខទុក្ខជាមួយតំណាងកម្មករដូចជាប្រធានរដ្ឋបាលប្រធានផ្នែក និងមេក្រុមមកពីរោងចក្រផ្សេងៗគ្នាចំនួន៤,៤០៣ នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយចំពោះការជួបជុំជាមួយតំណាងកម្មករកម្មការិនីដែលនេះជាជំនួបលើកទី២ហើយបន្ទាប់ពីបានបានជួបជុំម្តងរួចហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ សម្តេចតេជោ ក៏បានរំលឹកផងដែរពីវិស័យឧស្សាហកម្មក្នុងអតីតកាលដែលត្រូវបានបំផ្លាញដោយសង្គ្រាម ដូចជាក្នុងសម័យ លន់ ណុល និងសម័យប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះរោងចក្រសហគ្រាសមួយចំនួនធំត្រូវបានបំផ្លាញចោល។ កាលពីឆ្នាំ ១៩៩៧ យើងមានរោងចក្រតែ៦៤ប៉ុណ្ណោះ តែឥឡូវនេះរោងចក្រកាត់ដេរកើនដល់ ១,១១៧ ហើយបើសរុបរោងចក្រសហគ្រាសទាំងអស់គឺមានប្រមាណ ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់។

ដោយសារស្ថេរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់ល្អព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុនពីបរទេសគឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពល ហើយក្នុងនោះប្រាក់ខែក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅឆ្នាំ២០១៨ខាងមុខនេះ តិចបំផុតគឺអាចឡើងដល់១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលតែងតែយកចិត្តទុកដាក់និងរួមសុខរួមទុក្ខជាមួយកម្មករមិនដូចមួយក្រុមទៀតដែលបានតែមាត់តែការពិតមិនបានជួយអ្វីដល់កម្មករឡើយ។ ទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគគិនដើម្បីបង្កើនការងារដល់បងប្អូនកម្មករ គឺក្រុមមាននោះ(?) បានអនុវត្តិយុទ្ឋសាសស្រ្តគោលនយោបាយ ៣-កុំ ដែលសំដៅលើ ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ?ព្រោះបានធ្វើអោយបងប្អូនកម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលបាននិងកំពុងខិតខំជួយកម្មករ ៣-សុំ គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានខិតខំធ្វើកិច្ចការទាំងនេះទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសគ្មានពេលសម្រាកឡើយ ដើម្បីគៀងគរអ្នកវិនិយោគិន មកវិនិយោគ បង្កើតការងារដល់កម្មករអោយមានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែល្អប្រសើ។សន្តិភាពនិងការអភិវឌ្ឍគឺជាកត្តាសំខាន់បំផុតក្នុងការធ្វើអោយប្រទេសជាតិមានការរីកចម្រើនហើយសន្តិភាពនិងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបានទេជាពិសេសត្រូវរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។

ក្នុងពេលជួបសំណេះសំណាលព្រឹកមិញនេះសម្តេចតេជោហ៊ុនសែនបានផ្តល់អនុសាសន៍ល្អៗ៥ចំណុចដល់អាជ្ញាធរនិយោជិតនិងកម្មករកម្មការនីធ្វើការរួមគ្នាដើម្បីធានាដល់លក្ខណការងារនិង ប្រាក់ចំណូលល្អ: ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់ សង្គមអោយ បានល្អ។ ២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម។ ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំ អោយកម្មករនីភ័យខ្លាចពីការបាត់បង់ការងារនិងប្រាក់ចំណូល។ ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចចំណេញ ថវិកា (៨,០០០៛ទៅ១៣,០០០៛ក្នុង១ខែ)។ ទី៥)ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលធ្វើការនៅក្រៅប្រទេស។រាជរដ្ឋាភិបាលបន្តគាំទ្រនិងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសដៃគូដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់និងលក្ខណការងារល្អៗរួមទាំងជួយសម្រួលនូវលិខតបទដ្ឋានដែលពាក់ព័ន្ឋការងារស្របច្បាប់ដល់ក្មួយៗកម្មករ ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបានច្រើនដើម្បីជួយសម្រួលដល់ជីវភាពរស់រស់នៅកាន់តែប្រសើរ ឡើង។ នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករកម្មការនីយើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវរៀបចំបង្កើត Clinic នៅតាមរោងចក្ររបស់ ខ្លួនដើម្បីជួយដល់កម្មករកម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈ ពេល ៣ ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង។ សម្តេចតេជោ បានបញ្ជាក់ប្រាប់បងប្អូន និងតំណាងកម្មករទាំងអស់ថា ប្រាក់ខែកម្មករ នឹង ឡើងជារៀងរាល់ឆ្នាំ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1438173106231182/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖