ភ្នំពេញ៖ ពិធីបុណ្យហាជ្ជ គឺជាសក្ការៈបូជាមួយនៅក្នុង ចំណោមសក្ការៈបូជាទាំង៥ នៃសាសានាឥស្លាមទៅចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទាំង៥នៃសាសនាឥស្លាម រួមមានការ ទទួល ស្គាល់អល់ឡោះជាម្ចាស់ និងមហាម៉ាត់ ជាអ្នកនាំសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃ មួយយប់ប្រាំដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជ ឬហាជីនេះតែម្ដង។
តាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេ ខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃ០១ សីហានេះថា៖ ពិធីបុណ្យហាជ្ជ (Hajj) ត្រូវប្រារព្ធនៅឯទីសក្ការៈបូជា ក្នុងទីក្រុងម៉េកកា (Mecca) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្ដើមឡើងនៅថ្ងៃទី៨ ខែស៊ុលហិច ជាស់ រហូតដល់ថ្ងៃទី១៣ ក្នុងខែដដែលនេះ (គិតតាម កាលបរិច្ឆេទ មហាម៉ាត់ សករាជ ឬចន្ទគតិ) ហើយបើគិតជាគ្រឹស្តសករាជគឺត្រូវចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃពុធ ទី៣០ ខែសីហានេះ រហូតដល់ថ្ងៃចន្ទ័ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ប៉ុន្តែអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ចាប់ ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា នេះ។ ពិធីបុណ្យហាជ្ជ ជាកាតព្វកិច្ចចំពោះជនមូស្លីមដែល មានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរពីជីវភាពគ្រួសាររបស់ខ្លួន ជាឧទា ហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹម តែលទ្ធភាព សម្រាប់ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចាំនៅពេលក្រោយដែលយើងមានលទ្ធភាព។
ដោយឡែក បើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ្ជ មានតាំងតែពីសម័យអ្នកនាំសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដាំមកម្ល៉េះរហូតដល់ មហាម៉ាត់ ដែលជាអ្នក នាំសារចុងក្រោយ ហើយគោល បំណងនៃពិធី បុណ្យនេះ គឺបង្ហាញពីជំនឿទៅចំពោះអល់ឡោះ ក៏ដូចជាភាពជាបងប្អូន មិនរើសអើង របស់ជនមូស្លីមក្នុងពិភពលោក ដែលមានវប្បធម៌ ភាសាពណ៌ សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពីអល់ឡោះជាម្ចាស់ ។
សូមបញ្ជាក់ថា៖ ថ្វីបើពិធីបុណ្យហាជ គឺជាកាតព្វកិច្ច សម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាម គ្រប់ៗរូប ប៉ុន្តែវាក៏មានករណីលើកលែងផងដែរសម្រាប់ អ្នកស្លាប់ និងចាស់ជរា ឬក៏ពិការ មាន ជំងឺរាំរ៉ៃ អាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន។ មួយវិញទៀត បុណ្យ នេះជាប់កាតព្វកិច្ចលើបុគ្គលជនម្នាក់ៗ ពោលគឺមិនមែនមានន័យថា នៅពេលសមាជិកគ្រួសារណាម្នាក់ទៅធ្វើបុណ្យហាជ ហើយ សមាជិកដទៃក្នុងគ្រួសារនោះរួចខ្លួននោះទេ ៕ សំរិត