ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយអំពើពុករលួយប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង គ្រាដែលលោករដ្ឋមន្ត្រីចុះសម្ពោធអគារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៣១ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញសម្ពោធអគារមន្ទីរពេទ្យខេត្តស្វាយរៀង ស្រាប់តែលេចធ្លាយនូវអំពើពុករលួយរបស់ប្រធានមន្ទីរសុខាភិបាលក្នុងពេលនោះតែម្តង។ ប្រភពរាយការណ៍ថា រឿងរ៉ាវបែកធ្លាយភ្ញាក់ផ្អើលដល់លោករដ្ឋមន្ត្រីម៉ម ប៊ុនហេង គឺលោកកែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង រើសមន្ត្រីជាប់កិច្ចសន្យាថ្មីៗឲ្យចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ដែលផ្ទុយពីគោលការណ៍របស់ក្រសួង។

ប្រភពរាយការណ៍ថា លោកកែវ រដ្ឋា បានលួចជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឲ្យចូលបម្រើការងារនៅក្នុងមន្ទីរសុខាភិបាល ដោយស៊ីប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាចាស់។ ល្បិចរបស់លោកប្រធានមន្ទីរសុខាភិបាលគឺលេចអ្នកចាស់យកកន្លែងលក់ឲ្យអ្នកថ្មី ដែលមានតម្លៃចាប់ពី៣៥០០ដុល្លារឡើងទៅ។ ប្រភពពីមន្ត្រីនៅមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងឡាយបានឯកភាពស្នើសុំការប្រឡងតេស្តសមត្ថភាពមន្ត្រីជាប់កិច្ចសន្យាទាំងនោះ ប៉ុន្តែលោកប្រធានមន្ទីរមិនអនុញ្ញាតឲ្យធ្វើតេស្តប្រឡងឡើយ ដោយគ្រាន់តែជួបលេខារបស់គាត់ ឬភរិយារបស់គាត់ អាចចូលធ្វើការបានហើយ ទោះជាគ្មានសមត្ថភាពក៏ដោយ។

គេនិយាយថា មន្ត្រីដែលបានការងារធ្វើដោយអំពើពុករលួយទាំងនោះ ពេលធ្វើការងារ ធ្វើឫកក្រអឺតក្រទម ពីព្រោះមានប្រធានមន្ទីរដែលទទួលលុយសំណូកជាអ្នកការពារ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានទទួលការស្តីបន្ទោសភ្លាមៗពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ ប៉ុន្តែយ៉ាងណា លោកប្រធានមន្ទីរធ្វើមុខមាត់ហាក់ដូចជាញញឹមញញែមធម្មតា។

ថ្មីៗនេះ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានលេចធ្លាយរឿងលួចលាក់មន្ត្រីខ្មោច នៅស្រុកប្រតិបត្តិសុខាភិបាលជីភូ និងកន្លែងផ្សេងទៀតក្នុងខេត្ត។ មន្ត្រីខ្មោចទាំងនោះបានជាប្រយោជន៍ប្រាក់ខែសម្រាប់លោកប្រធានមន្ទីរ។

រឿងរ៉ាវពុករលួយជាច្រើនកំពុងចាក់ដោតលោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប៉ុន្តែថាតើ ក្រសួងសុខាភិបាលចាត់វិធានការយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយ៕ ហេង សូរិយា


ចែករំលែក៖