ព័ត៌មានទាន់ហេតុការណ៍៖

សូហ្វតឺន្នីសកម្ពុជាឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍ 2017 Korea cup international soft tennis Tounament នៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានប្រាប់ដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី៣០ ខែសីហាថា អត្តពលិកកម្ពុជាដណ្តើមបានមេដាយប្រាក់១គ្រឿងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ 2017 Korea cup international soft tennis Tournament កម្រិត២នៅសាធារណរដ្ឋកូរ៉េលើ វិញ្ញាសាវាយក្រុមនារីក្នុងចំណោមអត្តពលិកមកពី១៥ប្រទេស ។

លោកអគ្គលេខាធិការសហព័ន្ធដដែលបានបន្តថា ចំពោះជ័យលាភីដែលកីឡាការិនីរបស់កម្ពុជាដណ្តើមបានគឺ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលេងឈ្នះក្រុមកីឡាការិនី ឥណ្ឌូនេស៊ី ប៉ុន្តែ ពួកគេបានប្រកួតចាញ់ក្រុមនារីមកពីប្រទេសហ្វុីលីពីនវិញក្នុងវគ្គផ្តាច់ព្រ័ត្រដូច្នេះលទ្ធ ផលកម្ពុជាទទួលបានមេដាយប្រាក់១ គ្រឿង ។ លោកបានបញ្ជាក់ថា កីឡាសូហ្វតឺន្នីសកន្លងមកមានសមាជិកត្រឹមតែ៣៤ប្រទេសប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកីឡាសូហ្វតឺន្នីសមានសមាជិកកើនឡើងរហូតដល់ទៅ៤៥ប្រទេស ក្នុងនោះប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១០ ក្នុង ចំណោមប្រទេសជាសមាជិករបស់សូហ្វតឺន្នីស។

លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៨ខាងមុខនេះសហព័ន្ធបានត្រៀមបញ្ជូនកីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជា ទៅបន្តការហ្វឹកហាត់បន្ថែមនៅ ប្រទេសជប៉ុន ដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Asian Games២០១៨ នៅទីក្រុងសាក្តាដែលមានប្រទេសចូលរួមចំនួន៤៥ប្រទេស ។

លោកបន្ថែមថា សម្រាប់ក្រុមបុរសវិញការប្រកួតវគ្គជម្រុះក្នុងពូលពួកគេលេង បានល្អ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល ប៉ុន្តែនៅពេលឆ្លងចូលវគ្គខ្វែង៨ក្រុមចុងក្រោយ ក្រុមកីឡាករកម្ពុជា ជួបសំណាងមិនល្អ ដោយចាប់ឆ្នោតប៉ះជាមួយក្រុមជើងខ្លាំង មកពីម៉ុងហ្គោលីមកពី ពូលផ្សេងពេលនោះក្រុមកីឡាករសូហ្វតឺន្នីសបុរសកម្ពុជាបានលេងចាញ់ក្រុមបុរសម៉ុងហ្គោលី ក្នុងលទ្ធផលពិន្ទុ២ទល់១៕ សារីម


ចែករំលែក៖