ភ្នំពេញ៖ សុខ ស្រីនាង ទទួលបានការលើកមុខមាត់ខ្លាំងពេលចូលច្រៀងឲ្យផលិតកម្មហង្សមាស។ ក្រៅពីចាប់ដៃគូសម្តែងជាមួយ តារាចម្រៀងសូណូ និងថតភាពយន្ត ភាគនាងក៏ហក់ស្ទុះចាប់បានឱកាសសម្តែងរួមជាមួយតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិ ផងដែរដែលបទថ្មីនេះចេញថតដល់ប្រទេសជប៉ុន។
នេះជាលើកទីមួយហើយដែលតារាចម្រៀងរូបស្រស់សុខស្រីនាងបានថតរួមគ្នាជាមួយកំពូលតារាចម្រៀងល្បីលោកព្រាបសុវត្ថិ។អ្វីដែលកត់សម្គាល់នោះសម្រាប់ឈុតសម្តែងខ្លះៗនៅក្នុងបទមួយនេះគឺថតនៅប្រទេសជប៉ុនទៀតផងដែលគេរំពឹងដែរថាបទចម្រៀងនេះអាចនឹងផ្ទុះការគាំទ្រនៅពេលចេញ ជាMV។
ផលិតកម្មហង្សមាសមិនទាន់បញ្ចេញចំណងជើងបទចម្រៀងរបស់សុខស្រីនាងនិងព្រាបសុវត្ថិនោះទេប៉ុន្តែមានឈុតឆាកខ្លះៗដែលបង្ហាញភាពផ្អែមល្ហែមរបស់តារាចម្រៀងទាំងពីរនៅលើទឹកដីនៃប្រទេសជប៉ុនផងដែរ។រូបថតនេះក៏បានធ្វើឲ្យអ្នកគាំទ្រពួកគេទន្ទឹងរងចាំខ្លាំងនូវស្នាដៃថ្មីមួយនេះ។ ក្រៅពីថតបទចម្រៀងថ្មីៗសុខស្រីនាងកំពុងមមាញឹកថតរឿងភាគរបស់ទូរទស្សន៍ហង្សមាសគឺរឿង«រាជនីភូមិគ្រឹះ»ដោយនាងសម្តែងជាតួឯករួមជាមួយលោកណុបបាយ៉ារិទ្ធផងដែរ។
ការបញ្ចេញរូបថត និងបទចម្រៀងថ្មីរបស់ព្រាប សុវត្ថិរបស់ផលិតកម្មនៅពេលនេះក៏ស្របពេលដែល ផលិតកម្មទើបនឹងបានធ្វើឲ្យផ្ទុះបទចម្រៀងអ្នកចំណូលថ្មីលោក ខេមរៈ សិរីមន្តផងដែរ។ ចំណុចនេះគេដឹងថាគឺជាការជំរុញលើកទឹកចិត្តនិងបង្ហាញទស្សនិកជនថាផលិតកម្មក៏នៅតែយកចិត្តទុកដាក់ខ្លាំងជាមួយតារាចម្រៀងជើងចាស់ព្រាបសុវត្ថិផងដែរ ពិសេសការផ្តល់កម្លាំចិត្តដល់តារាចាស់នៅក្នុងផលិតកម្ម៕ វឌ្ឍនា