ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកស្នើចំណាយប្រាក់៨ពាន់លានដុល្លារ ជួយដល់តំបន់រងការវាយប្រហារដោយព្យុះ Harvey

ចែករំលែក៖

ព្យុះហាវាយបានបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋអាមេរិកនៅតំបន់ភាគខាងត្បូង ។ កាលពីថ្ងៃទី១ ខែកញ្ញា លោកត្រាំ បានអំពាវនាវ ឲ្យសភាអាមេរិកអនុម័ត ប្រាក់ជំនួយខ្ទង់ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍ ឡើងវិញតំបន់រងគ្រោះនៅសប្តាហ៍ក្រោយ។

នៅក្នុងសាលិខិតផ្ញើទៅកាន់រដ្ឋសភា លោកត្រាំ បានស្នើ ចំណាយប្រាក់៧,៨៥ ពាន់លានដុល្លារសម្រាប់សកម្មភាព ជួយដល់ពលរដ្ឋរងផលប៉ះពាល់ និងកសាងឡើងវិញតំបន់ទាំងនោះ ។ នេះគ្រាន់តែជាប្រាក់ចំណាយលើកដំបូង ប៉ុណ្ណោះ។ កន្លងមក ទីព្រឹក្សាសន្តិសុខអាមេរិក លោក Tom Bossertបានបញ្ជាក់ថា សំណើផ្តល់ជំនួយពីតំបន់រងគ្រោះ និង ត្រូវធ្វើឡើងតាមដំណាក់កាល ពឹងផ្អែកទៅលើការវាយតម្លៃជាក់ស្តែង ពីការខូចខាត បណ្តាលមកពីព្យុះ។

តាមការប៉ាន់ប្រមាណ រដ្ឋាភិបាលអាមេរិកនឹងត្រូវចំណាយប្រាក់ប្រហែលនឹងព្យុះកាទ្រីណា កាលពីឆ្នាំ២០០៥ ពេលនោះ អាមេរិកចំណាយរហូតដល់ទៅ១១០ពាន់លានដុល្លារ។ ក្រុមអ្នកឯកទេសអាមេរិកបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់កសាងឡើងវិញក្រោយ ព្យុះហាវាយ មិនតិចជាង១២៥ពាន់លានដុល្លារនោះឡើយ។

សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា អាជ្ញាធរកំពុងបន្តការស្វែងរកអ្នកដែលនៅរស់រានមានជីវិត ខណៈអ្នកស្លាប់កើនឡើងដល់៤៧នាក់ បន្ទាប់ពីព្យុះសង្ឃរា Harvey បានវាយប្រហាររដ្ឋតិចសាស់ សហរដ្ឋអាមេរិកជិតមួយសប្តាហ៍មកនេះ។

សូមជម្រាបផងដែរថា នៅក្នុងគ្រោះមហន្តរាយនេះដែរ ប្រជាជនអាមេរិកច្រើនជាង៣០០.០០០នាក់បានស្នើសុំជំនួយពីរដ្ឋាភិបាលហើយជាមួយគ្នានោះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានបង្កើតកញ្ចប់ថវិកាជាង៥៣០លានដុល្លារសម្រាប់ការផ្តល់ជំនួយរួចរាល់ហើយ៕ ម៉ែវ សាធី


ចែករំលែក៖