ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ក្រុមហ៊ុនមកពីប្រទេសចិន មានបំណង ចង់មកវិនិយោគទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត បើទោះបីមានក្រុមហ៊ុនចិនច្រើន ហើយក្ដី

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសចិន មានបំណងចង់មកវិនិយោគ រកស៊ីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈ មានក្រុមហ៊ុនជាច្រើនរបស់ប្រទេសចិនបាននឹងកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជារួច ហើយនោះ។

ការបង្ហាញពីបំណងបែបនេះ ត្រូវបានធ្វើឡើងកាលពី រសៀលថ្ងៃទី០៦ ខែកញ្ញានេះ ក្នុងឱកាសជួប សំដែងការគួសម និងពិភាក្សាលើការងារវិនិយោគ រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយ តំណាងក្រុមហ៊ុន មកពីប្រទេសចិន ដែលដឹកនាំដោយលោក ឆៃ សៀនហ្វេន (CAI XIANFENG) នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បច្ចុប្បន្ន នៅក្នុង រាជធានីភ្នំពេញ កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៏ យ៉ាងខ្លាំងក្លា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការគៀងគរ និងលើកទឹកចិត្តឱ្យវិនិយោគិនបរទេស ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេស អ្នកវិនិយោគិនមកពីប្រទេសចិន គ្រាដែលអ្នកវិនិយោគរបស់ប្រទេសនេះ បាន និង កំពុងវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា រួចហើយក្ដី ។

លោកបន្ដថា៖ ការអភិវឌ្ឍ និងការការពារ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងកិច្ចការពារ សន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញទាំងមូល ។ រាជធានីភ្នំ ពេញទាំងមូលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរកត់សម្គាល់។ ប៉ុន្តែក៏មានចំណុចប្រឈមជាច្រើនផងដែរ ដូចជា ការកើននៃចំនួនប្រជាជន និង ការកើនឡើង នៃមធ្យោបាយធ្វើដំណើរ ដែលបង្កឱ្យមានការកកស្ទះចរាចរ និងបញ្ហាប្រឈមមួយចំនួនដែលសាលារាជធានីកំពុងសហ ការដោះស្រាយ។ យ៉ាងណាក៏ដោយជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល ប្រើប្រាស់យន្តការគៀងគរ អ្នកវិនិ យោគជាតិ និងអន្តរជាតិ ឱ្យមកបណ្តាក់ទុន វិនិយោគ ស្របពេលដែលប្រទេសជាតិមានសន្តិភាពពេញលេញ មានសក្កដានុពលសម្បូរបែប សម្រាប់បំពេញតម្រូវការវិនិយោគ ដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម មានកំពង់ផែអន្តរជាតិ និងមានធនធានមនុស្សដែលមានចរិកលក្ខណៈល្អ ស្វាគមនូវរាល់ការវិនិយោគស្របតាមច្បាប់អនុញ្ញាត ។

ក្នុងនាមតំណាងឲ្យអាជ្ញាធររាជធានីភ្នំពេញ លោក នូវតែគាំទ្រ ចំពោះប្រតិភូ និងអ្នកវិនិយោគមកពីប្រទេសចិនជាមិត្ត ដែលមានបំណងមកបណ្តាក់ទុនវិនិយោគ រកស៊ីនៅក្នុងប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា នូវតែលើក ទឹកចិត្ត និងជួយសម្រសម្រួលផ្លូវច្បាប់និងបទដ្ឋាននានា ជូនដល់អ្នកវិនិយោគអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញានៃព្រះរាជា ណាចក្រកម្ពុជា។

ជាការឆ្លើយតប លោក ឆៃ សៀនហ្វេន (CAI XIANFENG) បានថ្លែងអំណរគុណចំពោះ លោកអភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតិឱ្យតំណាងក្រុមហ៊ុនចូលជួបពិភាក្សា និងបានដឹងពីស្ថានភាព ឱកាសសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះតំណាងក្រុមហ៊ុនក៏ សូមសន្យានឹងពិនិត្យលទ្ធភាព មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ ប្រទេស ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត៕ សំរិត


ចែករំលែក៖