ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS រកឃើញវិធីវាយប្រហារថ្មី  ដាក់ថ្នាំពុលក្នុងស្បៀងអាហារ នៅអឺរ៉ុប និងអាមេរិក?

ចែករំលែក៖

ក្រុមភេរវកម្ម IS ដែលទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងទឹកដីស៊ីរី និងអីរ៉ាក់ បានឡើងគម្រោង ជ្រើសរើសក្រុមឧទ្ទាម ដើម្បីបំពុលស្បៀងអាហារ ដែលលក់នៅតាមផ្សារទំនើបៗ ក្នុងប្រទេសអាមេរិក អង់គ្លេស និង ប្រទេសអឺរ៉ុប មួយចំនួនទៀត។

សារព័ត៌មានDailymailបានផ្សាយថា មេដឹកនាំក្រុមភេរវកម្ម IS បានជម្រុញឲ្យ ខ្មាន់កាំភ្លើងដែល គាំទ្រខ្លួនបង្កើនការវាយប្រហារនៅលើប្រទេសលោកខាងលិច ក្នុងនោះមានការបំពុលស្បៀងអាហារនៅតាមផ្សារទំនើប។

ក្រុមភេរវកម្ម IS បាន ត្រៀមលក្ខណៈយ៉ាង ល្អិតល្អន់ ទៅលើគម្រោងខាងលើ។ កន្លងមកក្រុមភេរវកម្ម ធ្លាប់ បាន ស្រាវជ្រាវ និងសាកល្បង ការបំពុល ទៅលើអ្នកទោសនៅអីរ៉ាក់ ប៉ុន្តែការបំពុលនោះត្រូវបាន រកឃើញក្រោយពេលទាហានអីរ៉ាក់វាយប្រហារដណ្តើមបានទីក្រុង មូសាល ពីដៃក្រុម IS ។

សារព័ត៌មាន ANSA របស់អីតាលីបានផ្សាយថា ពលរដ្ឋជាច្រើនបង្ហាញក្តីបារម្ភ ខ្លាចក្រុមភេរវកម្ម IS បំពុលស្បៀងអាហារ ជាទ្រងទ្រាយធំនៅប្រទេសតំបន់អឺរ៉ុប។ នេះមិនមែនជាលើកទីមួយឡើយដែលក្រុមIS ឡើងគម្រោង វាយប្រហារ ដោយបំពុល ប្រែក្លាយជា របស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃទៅជាអាវុធសម្លាប់មនុស្ស។ កន្លងមកក្រុមភេរវកម្មបានប្រើប្រាស់ វិធីសាស្ត្រ ផ្សេងៗក្នុងការសម្លាប់មនុស្សនៅអឺរ៉ុប ក្នុងនោះមានការបើករថយន្តធុនធំ បុករះលើហ្វូងមនុស្សធ្វើដំណើរជាដើម។

កាលពីខែមិថុនា កន្លងមក ក្រុមក្រុម IS បានបើករថយន្ត បុកហ្វូងមនុស្ស ធ្វើដំណើរលើដងផ្លូវ ក្នុង តំបន់ Las Ramblas ក្នុងទីក្រុង បាសេឡូណា ប្រទេសអេស្បាញ់ សម្លាប់មនុស្ស ១៣នាក់ ។ កាលពីដើមសប្តាហ៍កន្លងមកនេះ ក្រុមភេរវកម្ម បានប្រើប្រាស់បណ្តាញសង្គម ក្នុងការ អូសទាញ់ខ្មាន់កាំភ្លើងឲ្យចូលរួមក្រុមវាយប្រហាររបស់ខ្លួន។

ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅអឺរ៉ុប បុរស២នាក់ ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី៦ ខែកញ្ញា ក្រោយប៉ូលិសបានរកឃើញឧបករណ៍សម្រាប់ផលិតគ្រឿងផ្ទុះជាច្រើន នៅកន្លែងដែលពួកគេស្នាក់នៅ ត្រង់តំបន់ភាគខាងត្បូង នៅជាយក្រុងទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រតិបត្តិរបស់ក្រុមប៉ូលីសត្រូវបានចាប់ផ្តើមធ្វើឡើងនាពេលថ្មីៗនេះ នៅក្នុងតំបន់សង្កាត់ Villejuif ហើយវាត្រូវបានបញ្ចប់ រហូតទៅដល់ល្ងាចថ្ងៃដដែល ដោយក្នុងនោះជនសង្ស័យម្នាក់ក្នុងចំណោមនោះ គឺជាម្ចាស់អាផាតមិន អាយុ៣៦ឆ្នាំ ជនជាតិអាមេនី និងម្នាក់ទៀតជាជនជាតិទុយនេស៊ី អាយុ៤៧ឆ្នាំ។

ចរាចរណ៍នៅក្នុងតំបន់នោះ ត្រូវបានបិទជាបណ្តោះអាស ន្នព្រមទាំងស្ថានីយរថភ្លើងមួយកន្លែងផងដែរ ហើយមនុស្សជាច្រើនដែលស្ថិតនៅក្បែរអគារអាផាតមិន កម្ពស់៤ជាន់ ត្រូវបានជន្លៀសចេញដើម្បីអនុញ្ញាតឲ្យក្រុមប៉ូលិស អាចចូលទៅបោសសម្អាត និងប្រមូលគ្រឿងផ្ទុះ ទាំងនោះចេញ៕ ម៉ែវ សាធី


ចែករំលែក៖