ព័ត៌មានទាន់ហេតុការណ៍៖

ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុនលើកទី១៤នេះ ផ្តួចផ្តើមគំនិតខ្សែក្រវាត់១ផ្លូវ១ ចេញពីចិន តែប្រសិទ្ធិផលបានទៅដល់ពិភពលោក

ចែករំលែក៖

ប្រទេសចិន ទីក្រុងណាននីងៈ កាលពីព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៧ ពិព័រណ៍ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុនលើកទី១៤ បានបើកសម្ពោធជាផ្លូវការហើយ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតអន្តរជាតិណាននីង ខេត្តគ័រងស៊ី សាធារណរដ្ឋប្រជាមានិតចិនក្រោមប្រធានបទ«ការរួបរួមគ្នាស្ថាបនាផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ លើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈទេសចរណ៍»។

នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាននេះ មានការថ្លែងសុន្ទរកថាពីឥស្សរជនជាន់ខ្ពស់និងថ្នាក់ដឹកនាំសំខាន់ៗដូចជា លោក ចាង កៅលីឧបនាយករដ្ឋមន្ត្រីចិន, ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,លោក ចុង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក សុនសៃ ឧបនាយករដ្ឋមន្ត្រីឡាវព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តគ័រងស៊ី។

លោក ចាង កៅលី (Zhang Gaoli)ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថាការលើកយកប្រធានបទ«ការរួបរួមគ្នាស្ថាបនាផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ លើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈទេសចរណ៍»គឺដើម្បីពិភាក្សានិងផ្លាស់ប្តូរផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការដើម្បីភាពរីកចម្រើនទៅអនាគតរបស់មនុស្សជាតិនិងពន្លឿនការស្ថាបនាសហគមន៍ចិនអាស៊ាន ព្រមទាំងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកុម្មុយនីស្តចិនរូបនេះ បានបន្តថានៅឆ្នាំ២០១៣ ប្រធានរដ្ឋចិន លោក ស៊ី ជិនភីង បានលើកគំនិតផ្តួចផ្តើមឈ្មោះ«រួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។នៅខែឧសភា ឆ្នាំ២០១៧ ចិនបានរៀបចំដោយជោគជ័យនូវវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់១ ផ្លូវ១ ដែលមានថ្នាក់ដឹកនាំ២៩ប្រទេស និងតំណាង១៦០០រូបមកពីប្រទេសជាង១៤០ និងអង្គការជាង៨០ បានអញ្ជើញចូលរួមវេទិកាកំពូល។ការចូលរួម និងការគាំទ្រនេះជាសញ្ញាបង្ហាញថាគំនិតផ្តួចផ្តើមផ្លូវ១ខ្សែក្រវាត់១បានចាប់ផ្តើមធ្វើការប្រតិបត្តិជាក់ស្តែងនិងឆានចូលដំណាក់កាលចាប់ផ្តើមពីគម្រោង ផែនការរហូតដល់ការអនុវត្ត។រហូតមកដល់ពេលនេះប្រទេសជាង១០០និងអង្គការអន្តរជាតិជាច្រើនបានបានចូលរួមគាំទ្រគំនិងផ្តួចផ្តើមនេះហើយប្រទេសជាង៧០បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយចិន។គម្រោងធំៗនិងសំខាន់ៗជាច្រើនបានត្រូវអនុវត្តជាក់ស្តែងបង្កើតបានជាប្រសិទ្ធភាពសេដ្ឋកិច្ចដ៍ធំសម្បើម
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា«ការផ្តួចផ្តើមគំនិតផ្លូវ១ខ្សែក្រវាត់១ចេញពីចិន តែប្រសិទ្ធិផលអំណោយផលដល់ពិភពលោកទាំងមូល»។

លោកបានបន្ថែមថាប៉ុន្មានឆ្នាំចុងក្រោយនេះកិច្ចសហការរវាងចិន អាស៊ាន បានដើរតួនាទីសំខាន់ប្រកបដោយសន្តិភាព បើកទូលាយប្រកបដោយបរិយាប័ន្ន រៀនសូត្រពីគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ចំណែកលោក ហុង ជិញហ័រ លេខាបក្សកុម្មុយនីស្តចិនប្រចាំខេត្តគ័រងស៊ី បានលើកឡើងថាទំនាក់ទំនងចិនអាស៊ានក្លាយជាទំនាក់ទំនងយ៉ាងសំខាន់ប្រកបដោយកម្លាំងរស់រវើកនិងមានខ្លឹមសារសម្រាប់ទំនាក់ទំនងភាពជាដៃគូសន្ទនាហើយពិព័រណ៍ចិន-អាស៊ាននេះ នឹងដើរតួនាទីប្រកបដោយឧត្តមភាពតភ្ជាប់ខ្សែក្រវាត់មួយ ផ្លូវមួយនិងទស្សនាទានសហគមន៍អាស៊ានរួមវិភាគទានកាន់តែធំលើកិច្ចសហការគោលនយោបាយ ហេដ្ឋារចនាសម័្ពន្ធ និងពាណិជ្ជកម្ម ។

ជាមួយគ្នានោះដែរ លោកហ៊្វូ ជឺយី អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានមានប្រសាសន៍ថា ពិព័រណ៍ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុន ១៣លើកកន្លងមកបានទទួលជោគជ័យដ៍ធំ ហើយពិព័រណ៍លើកទី១៤និងជាបន្តបន្ទាប់ទៀតនៅតែជាវេទិកាជំរុញសេដ្ឋកិច្ចចិន អាស៊ាន និងក្នុងតំបន់ដ៏សំខាន់ និងបង្កើតឱកាសវិនិយោគទុនកាន់តែច្រើន។

ពិព័រណ៍ ចិន-អាស៊ាន(CAEXPO) និងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុន (CABIS) លើកទី១៤ នឹងបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតអន្តរជាតិណាននីង ខេត្តគ័រងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងសន្និសីទសារពត៌មាននាព្រឹកថ្ងៃទី១១ ខែកញ្ញា ២០១៧នាសណ្ឋាគារយ៉ុងចូវ ទីក្រុងណាននីង លោក កាវ ហ្វឹង(Gao Feng)អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថាពិព័រណ៍ ចិន-អាស៊ានលើកទី១៤នេះ បានប្រារព្ធធ្វើឡើងស្របពេលខួប៥០ឆ្នាំនៃឆ្នាំកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ចិន-អាស៊ាន ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឲ្យខ្លាំងថែមទៀត រវាងអាស៊ាននិងចិន ព្រមទាំងការទាក់ទាញវិនិយោគិន និងទេសសចរណ៍ចិនមកកាន់តំបន់អាស៊ាន។

ពិព័រណ៍នេះធ្វើឡើងប្រធានបទ«ការស្ថាបនាផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ លើកម្ពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈទេសចរណ៍»។
អ្នកនាំពាក្យរូបនេះ បានបន្តឱ្យដឹងថាពិព័រណ៍ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុន នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដែលរួមមានកិច្ចពិភាក្សាជាន់ខ្ពស់, ការតាំងពិព៍រណ៍និងវេទិកាមួយចំនួនដែលមានគោលបំណងជំរុញឱកាសថ្មីៗសម្រាប់បណ្តាប្រទេសអាស៊ាន និងចិន ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងខ្លា។

កិច្ចប្រជុំ នឹងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់និងថ្នាក់ដឹកនាំសំខាន់ៗដូចជា ឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កៅលី, ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,លោក ចុង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម,លោក សុនសៃ ឧបនាយករដ្ឋមន្ត្រីឡាវ លោក អាក់សា ម៉ាមីន ឧបនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន។

ទាក់ទងនឹងការរៀបចំពិព័រណ៍នេះដែរ លោកលោក កាវ ហ្វឹង(Gao Feng) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា កន្លែងពិព័រណ៍មានជាង១២ម៉ឺនម៉ែត្រការ៉េ និងស្តង់ចំនួន៦៦០០ ដែលក្នុងនោះស្តង់របស់ប្រទេសអាស៊ាននិងប្រទេសផ្សេងទៀតមានចំនួន១៧០៥។ចំណែកសហគ្រាសមកតាំងពិព័រណ៍មានចំនួន២៧០៩។
លោកបានរម្លឹកផងដែរថាពិព័រណ៍ចិនអាស៊ាន(CAEXPO)គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិឯកភាពរួមគ្នាដោយមេដឹកនាំចិននិងអាស៊ាន។ប្រទេសចិនបានស្នើ បង្កើតពិព័រណ៍ចិនអាស៊ានឡើងនៅក្នុងជំនួបកំពូលអាស៊ានចិនលើកទី៧ ដែលព្រឹត្តិការណ៍នេះធ្វើជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង ខេត្តគ័រងស៊ី ប្រទេសចិនចាប់ពីឆ្នាំ២០០៤មក។ពិព័រណ៍១៣លើកកន្លងមកនេះ បានទទួលជោគជ័យគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ នៅណាននីង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបជាមួយលោក ចាង កាវលី ឧបនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងទទួលការចូលជួបសំដែងការគួរសមដោយឡែកពីគ្នា ដោយលោក ចិន វូ អភិបាលខេត្តខ្វាងស៊ី និងលោក សុង ថាវ រដ្ឋមន្ដ្រីទំនាក់ទំនងអន្ដរជាតិ មជ្ឈឹមបក្សកុម្មុយនីស្ដចិន។ជាមួយគ្នានេះសម្ដេចតេជោក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ម ដែលកំពុងសិក្សានៅទីក្រុងណាននីងព្រមទាំងផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានចិនផងដែរ ៕ ស តារា

 

ចំណងជើងរូបថត៖ ពិព័រណ៍ ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុន (CABIS) លើកទី១៤ នឹងបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតអន្តរជាតិណាននីង ខេត្តគ័រងស៊ី ប្រទេសចិន


ចែករំលែក៖