ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអភិបាលខេត្តក្វាងស៊ី

ចែករំលែក៖

ប្រទេសចិន៖ នៅល្ងាចថ្ងៃទី ១២ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយ លោក Chen Wu អភិបាលខេត្តក្វាងស៊ី នៅ Lyuan Resort។

នៅក្នុងកិច្ចពិភាក្សាមុននេះបន្តិច លោកអភិបាលខេត្តបានអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន អញ្ជើញមកចូលរួមក្នុងពិព័រណ៍ចិនអាស៊ាន១០លើកមកហើយ ដែលបង្ហាញពីការគាំទ្រដល់ការពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការរវាងចិននឹងអាស៊ានអោយកាន់តែរឹងមាំថែមទៀត។ តាមពិតទៅការរៀបចំពិព័រណ៍នេះគឺសម្តេចតេជោបានជួយសម្របសម្រួលរវាងអាស៊ាន និងចិន ក្នុងកំឡុងពេលដែលលោក Wen Jiabao កាន់ដំណែងជានាយករដ្ឋមន្រ្តីដែលឈានដល់ការព្រមព្រៀងគ្នាបង្កើតអោយមានពិព័រណ៍នេះឡើង។ តាមរយៈពិព័រណ៍នេះគឺបានជួយពង្រីកទីផ្សារផលិតផលកម្ពុជាមកកាន់ប្រទេសចិនយ៉ាងច្រើន ផងដែរនិង ព្រមទាំងបានជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីអោយបានឈានឡើងខ្ពស់មួយកម្រិតធំថែមទៀត។ លោកអភិបាលខេត្តនឹងសហការជំរុញវិនិយោគលើវិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងឡើងថែមទៀត។

នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយសនៃពិព័រណ៍ចិនអាស៊ានលើកទី ១៥ ស្របគ្នានឹងខួប លើកទី ៦០ នៃទំនាក់ទំនងការទូតកម្ពុជាចិន និង ខួប១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តចិន អាស៊ានផង ដែរ។ លោក Chen Wu នឹងរៀបចំគណៈប្រតិភូចុះទៅពិភាក្សាការងារជាមួយក្រសួងពាក់ព័ន្ឋ មួយចំនួននៅកម្ពុជា ដើម្បីរៀបចំពិព័រណ័លើកទី ១៥ នេះអោយមានលក្ខណៈពិសេស និងជោគជ័យខ្លាំងបំផុត។ ទាំងអស់នេះគឺដើម្បីពង្រឹងកិច្ចទំនាក់ទំនងកម្ពុជាក្វាងស៊ីអោយរឹងមាំល្អ និងរវាងកម្ពុជានិងចិន អោយកាន់តែខ្លាំងនិងរឹងមាំថែមទៀត។ លោក Chwen Wu បានជម្រាបជូនសម្តេចផងដែរ ប្រសិនបើមានអ្វីអោយលោកជួយ គឺលោកនឹងជួយអោយអស់ពីលទ្ឋភាព។ នៅថ្ងៃនេះលោកអភិបាលខេត្ត បាន ប្រគល់អំណោយចំនួន ១លានដុល្លារដល់ សម្តេចតេជោ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់សង្គមជាតិ។

មុននឹងបញ្ចប់ លោក Chen Wu បានអរគុណសម្តេចតេជោ ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានអរគុណ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលតែងតែគាំទ្រ ពិព័រណ៍ចិនអាស៊ានតាំងពីដើមរហូតមក។ បន្ទាប់ពីកិច្ចប្រជុំសំណេះសំណាលដោយភាពស្និទ្ឋស្នាលរួចមក លោក Chen Wu បានរៀបចំពិធីជប់លៀងជូនសម្តេចតេជោ និងគណៈប្រតិភូនៅយប់នេះមុននឹងអញ្ជើញវិលត្រឡប់ទៅកាន់ ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃស្អែកនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖