ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកូរ៉េខាងជើង បានធ្វើឲ្យធនាគារធំៗ របស់ចិន បានដកប្រាក់ជាច្រើនចេញពី កូរ៉េខាងជើង។
សារព័ត៌មាន BBC បានផ្សាយថា សាខាធនាគារចិននៅព្រំដែនកូរ៉េខាងជើង ទទួលបានបទបញ្ជាមិនអនុញ្ញាតឲ្យបើកគណនីធនាគារ ណាមួយផ្សេងទៀតឲ្យពលរដ្ឋកូរ៉េខាងជើង និងក្រុមហ៊ុនអាជីវកម្មកូរ៉េខាងជើងឡើយ។
សកម្មភាពខាងលើ មិនមែនជាផ្នែក មួយនៃការដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិនោះទេទាំងនោះគឺជាការដាក់គំនាបពីអាមេរិកឲ្យចិនកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។
ក្រៅពីអង្គការសហប្រជាជាតិក្រសួងហិរញ្ញវត្ថុអាមេរិក អាចនឹងដាក់ទណ្ឌកម្ម ដល់ក្រុមហ៊ុន បរទេសដែលមានទំនាក់ ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ជួយ ដល់ទីក្រុងព្យុងយ៉ាងសម្រេច គោលដៅ នៃការផលិតមីស៊ីលនិងបរមាណូ ។
សារព័ត៌មាន Independent បានផ្សាយ ថា ធនាគារជាតិចិន មានក្តីបារម្ភយ៉ាងខ្លាំង ពីសកម្មភាពរបស់អាមេរិកសំដៅទៅលើប្រទេសចិន។ កន្លងមកទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ធនាគារចិន មានបានជួយដល់កម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ នៅក្នុងប្រទេសកូរ៉េខាងជើង តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងជួយលាងលុយកខ្វក់ដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើង ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោល កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បី បញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបោះបង់កម្ម វិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេ រិកលោកស្រី Heather Nauert បាន ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ ជាមួយ អ្នកយកព័ត៌មានបរទេសថា “ការទូតយើងនឹងមិន បោះបង់ចោល នោះទេ វានៅតែជាអ្វីដែលសំខាន់បំផុត” ។
លោកស្រីបានលើកឡើងថា នាយក ដ្ឋាននេះគឺប្រាកដនិយម ប៉ុន្តែក៏សុទិដ្ឋិ និយម ដែលថាការទូតនឹងដោះស្រាយ បញ្ហានេះ ហើយប្រសិនបើបរាជ័យនោះ ក្រសួងរតនាគារអាចប្រើទណ្ឌកម្ម ឯក តោភាគីហើយក្រសួងការពារជាតិ មានអ្វី ដែលពួកគេពិតជាអាចធ្វើបាន ។
ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅក្នុងប្រទេសចិន លោកនាយករដ្ឋមន្រ្តីលី ខឺជាំងបាន អះអាងជាថ្មីថា ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចផុយស្រួយក្នុងលោកការដោះដូរពាណិជ្ជកម្មដោយសេរីជាយន្តការ ឬថាជាមូលដ្ឋានចាំបាច់មួយមិនអាចខ្វះបាន និងថា ចិនសន្យានឹងបើកចំហទីផ្សារបន្ថែមឲ្យដល់ក្រុមហ៊ុនបរទេសដោយបង្កើតឲ្យ បរិយាកាសនៃការប្រកួតប្រជែងស្មើភាព។ លោកលី ខឺជាំងបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ៦ ក្នុងទីក្រុងប៉េ កាំង។
នេះជាឆ្នាំទី២ដែលចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិចំនួន ៦ ដែល ក្នុងនោះមានមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ឬមួយក៏អង្គការពាណិជ្ជកម្មពិភពលោក។ កម្មវត្ថុនៃកិច្ចប្រជុំ គឺដើម្បីជជែកពីនយោបាយសេដ្ឋកិច្ចរបស់ចិនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុង លោក។ នៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិទាំង ៦ លោកនាយករដ្ឋមន្រ្តីចិនលី ខឺជាំងបាន ចេញមុខការពារជាថ្មីនូវនយោបាយដោះ ដូរពាណិជ្ជកម្មសេរី និងកំណែទម្រង់រចនាសម្ព័ន្ធដូចដែលលោកប្រធានាធិបតីចិនស៊ី ជីនពីងបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស នាដើមឆ្នាំ ២០១៧។
លោកលី ខឺជាំងបានទទួលស្គាល់ពី ស្ថានភាពសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ តែនៅមានលក្ខណៈផុយស្រួយ។ សម្រាប់លោកប្រមុខរដ្ឋាភិបាលចិន ការដោះដូរសេរីជាយន្តការចាំបាច់មួយមិនអាចខ្វះបានដើម្បីជម្នះលើគ្រប់ការលំបាកទាំងឡាយ និងចូលរួមជួយជ្រោមជ្រែងលើកស្ទួយក្រុមហ៊ុន រោងចក្រសហគ្រាសចិនឲ្យផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជន។ ប្រតិកម្មរបស់លោកលី ខឺជាំងយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីចិនបានទទួលរង ការរិះគន់ យ៉ាងខ្លាំងពីអាមេរិក និងអឺរ៉ុបក្នុងបទអនុវត្តនយោបាយពាណិជ្ជកម្មមិនស្មើភាពជាមួយក្រុមហ៊ុនបរទេស ឬមួយក៏លូកដៃនៅក្នុងនយោបាយរូបិយវត្ថុក្នុងគោលដៅជួយលើកស្ទួយវិស័យនាំចេញ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកលី ខឺជាំងបានសន្យាបន្តបើកទ្វារទទួលអ្នកវិនិយោគបរទេសដោយបង្កើតឲ្យមានបរិយាកាសនៃការដោះដូរ និងការប្រកួត ប្រជែងដោយសេរី និងថា ចិនគ្មានបំណងលូកដៃចូលធ្វើអន្តរាគមន៍លើប្រាក់យ័នដើម្បីជួយជំរុញលើវិស័យនាំចេញនោះទេ។ ចំណែកលោកស្រីគ្រីស្ទីន ឡាហ្កាដ អគ្គ នាយកមូលនិធិរូបិយវត្ថុអន្តរជាតិបាន ព្រមានពីកំណើនហានិភ័យក្នុងរយៈពេលខ្លីកើតចេញពីកំណើនប្រាក់បំណុលរដ្ឋ និងឯកជននៅចិនដែលមានជាង ២៦០% នៃផលិផលសរុបក្នុងស្រុក ប៉ុន្តែតែលោក លី ខឺជាំងបានចេញមុខអះអាងថា ចិនបានទទួលស្គាល់ពីហានិភ័យជាយថាហេតុ តែ រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ និងថា ចិននឹងបន្តអនុវត្តនយោបាយកំណែទម្រង់មួយដើម្បីប្តូរពីគំរូសេដ្ឋកិច្ចដែលពឹងលើការនាំចេញទៅជាគំរូសេដ្ឋ កិច្ចដែលពឹងលើសេវា និងការចំណាយ របស់ពលរដ្ឋចិន។ សូមជម្រាបជូនថានៅ ក្នុងនយោបាយកំណែទម្រង់ថ្មីនេះ ចិនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនឲ្យក្រុមហ៊ុនរដ្ឋ និងឯកជនដើម្បីជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ៕ ម៉ែវ សាធី