ព័ត៌មានទាន់ហេតុការណ៍៖

សឿន វីតា សារភាពថាធ្លាប់បាក់ទឹកចិត្តស្ទើតែបោះបង់សិល្បៈចោល

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រឡូកក្នុងអាជីពសិល្បៈជាង១០ឆ្នាំ តារាសម្តែងប្រុស សឿន វីតាទើបតែលេចមុខមាត់ខ្លាំងនឹងការងារសម្តែងភាពយន្តក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកថា កន្លងមកលោកធ្លាប់បាក់ទឹកចិត្តរហូតចង់បោះបង់ការតស៊ូចោលព្រោះតែចំណូលនៃការសម្តែងស្ទើរចំណាយមិនគ្រប់នោះ។

សឿន វីតា បញ្ជាក់ថា លោកចាប់ផ្តើមថតតាំងពីតួកំប៉ិកកំប៉ុក តួអមឆាក ដែលពេលខ្លះសុំគេថត ពេលខ្លះបានប្រាក់បន្តិចបន្តួត្រឹមមួយចម្អែតក្រពះ។ លោកថា ដោយប្រឈមនឹងបញ្ហាខ្វះខាតផ្នែកជីវភាព ពេលខ្លះលោកចង់បោះបង់អាជីពជាអ្នកសិល្បៈចង់ទៅធ្វើការងារផ្សេងវិញ។ ប៉ុន្តែដោយចិត្តស្រលាញ់ ការលើកទឹកចិត្តពីមិត្តរួមអាជីព និងការផ្តល់ឱកាសពីផលិតកម្មមួយចំនួនបានធ្វើឲ្យលោកខំប្រឹងរហូតមានឱកាសសាងភាពលេចធ្លោរក្នុងពិភពសិល្បៈ។

លោកថារហូតមកដល់ពេលនេះភាពយន្តជាច្រើនដែលលោកបានសម្តែងទាំងតួឯក និងតួកាច។ លោកថាពេលនេះមានភាពយន្តមិនក្រោម៥រឿងទេដែលស្ថិតក្នុងដៃដែលរឿងខ្លះទើបនឹងបញ្ចប់ការថត ហើយរឿងខ្លះក៏កំពុងដំណើរការថត។ រហូតពេលខ្លះលោកសម្រេចចិត្តមិនទទួលថតភាពយន្តទាំងការសោកស្តាយព្រោះតែនឹកគិតដល់គ្រាដំបូងដែលពិបាកនឹងទទួលបានឱកាសថត។ ភាពយន្តដែលលោកបាននឹងកំពុងថតមានរឿង«សម្បថនិស្ស័យ»«ក្រមុំបេះដូងដែក»«ធនញ្ជ័យ»«កូនប្រសារឡឺកឺ»«មន្តស្នេហ៍កូនថៅកែត្បូង»និងរឿងមួយចំនួនទៀត។

លោកថាបច្ចុប្បន្នតម្លៃខ្លួននៃការចូលរួមសម្តែងភាពយន្តគឺមានភាពខុសគ្នាខ្លាំងបើធៀបនឹងពេលមុន ហើយលោកនៅតែបន្តចិញ្ចឹមចិត្តខិតខំប្រឹងប្រែងបន្តទៀត។លោកចាត់ទុកថាខ្លួនមានយីអ៊ុន២ឆ្នាំចុងក្រោយដោយក្នុងមួយខែៗគឺសឹងនឹងការកម្លាំងទទួលសម្ដែងមិនបានតែម្ដង។ជាក់ស្ដែងគ្រាន់តែពាក់កណ្ដាលឆ្នាំ២០១៧នេះមានរឿងភាគរហូតដល់៨រឿងទាក់ទងឲ្យលោកសម្ដែងដោយលោកទទួលបានតែ៤រឿងប៉ុណ្ណោះដោយសារតែគ្មានថ្ងៃឲ្យផលិតករ។

លោកថាតំណែងដែលលោកបានសម្ដែងគឺភាគច្រើនជាតួអង្គឪពុកឬជាតួអង្គកាចទើបលោករមែងតែទុកពុកមាត់ដើម្បីតម្រូវសាច់រឿង ហើយលោកមិនមានអារម្មណ៍សោកស្ដាយនោះទេ៕ វឌ្ឍនា


ចែករំលែក៖