ខេត្តព្រះសីហានុ៖ យោងតាមរបាយ ការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរដែលបានមក កម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃ២១ ខែ កញ្ញា ឆ្នាំ២០១៧ មានចំនួនប្រមាណ ៩២.០០០នាក់ កើនឡើងប្រមាណ១៥. ២២ភាគរយ។
លោក តាំង សុចិត្រគ្រឹះសា្នន ប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវដែលមកកម្សាន្តពិធីបុណ្យភ្ជុំបិណ្ឌរយៈ ពេល៣ថ្ងៃនេះមានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៦ ក្នុងនោះមានភ្ញៀវទៅកម្សាន្តតាមកោះចំនួន១.៥៥៥នាក់ និងភ្ញៀវអន្តរជាតិមាន១.១៣០នាក់ ហើយ មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេងសរុបមាន៥៨៤នាក់ ក្នុង នោះភ្ញៀវជាតិ២៦៤នាក់ និងភ្ញៀវអន្តរ ជាតិ៣២០នាក់ផងដែរ។
បើតាមលោកប្រធានមន្ទីរបានប្រាប់ទៀតថា ភ្ញៀវដែលមកកម្សាន្តនៅខេត្ត ព្រះសីហនុឆ្នាំនេះ មានការលំបាកក្នុង ការស្នាក់នៅព្រោះសណ្ឋាគារផ្ទះសំណាក់ត្រូវបានភ្ញៀវកក់ទុកអស់។ លោកថា ភ្ញៀវដែលមកខ្វះទីកន្លែងស្នាក់នៅមានភ្ញៀវ ខ្លះក៏បានទៅស្នាក់នៅផ្ទះបងប្អូននិងភ្ញៀវ ខ្លះទៀត ក៏បានបន្តដំណើរទៅខេត្តកែប និងខេត្តកំពតដើម្បីងាយស្រួលក្នុងការរកទីកន្លែងសម្រាប់ស្នាក់នៅ។
បើទោះបីជាយ៉ាងណាក៏ដោយ លោក ក៏បានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ នៅមានក្រុមវិនិយោគកំពុងតែបន្តធ្វើ សណ្ឋាគារបន្ថែម១០ និងមានសណ្ឋាគារ ផ្កាយប្រាំ៣កំពុងតែបន្តការសាងសង់ដើម្បីតម្រូវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មកលេងកម្សាន្តផងដែរ។
គួរបញ្ជាក់ថា ក្នុងខេត្តព្រះសីហនុពេល ដែលមានបុណ្យទានម្តងៗ តែងតែមាន ការខ្វះបន្ទប់ស្នាក់នៅព្រោះភ្ញៀវទេស ចរជាតិនិងអន្តរជាតិបានមកលេងជាច្រើនជាពិសេសភ្ញៀវទេសចរចិននិងអ្នកវិ និយោគផងដែរ។នេះបើតាមការសង្កេត រយៈពេល២ឆ្នាំចុងក្រោយនេះ៕ ឆ្លាម សមុទ្រ