ភ្នំពេញ៖ អស់រយៈពេលមួយឆ្នាំនៃកម្មវិធីភាពជាដៃគូ រវាងនិស្សិត និងMicrosoft និងកម្មវិធីយុវជន YouthSpark របស់Microsoft នៅកម្ពុជា ដែលបើកឱកាសកាន់តែច្រើនដល់យុវជនកម្ពុជាឲ្យទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរទៅថ្ងៃអនាគត។
Microsoft បានអបអរសាទរ ខួបគំរប់ ១ ឆ្នាំ នៃកម្មវិធីភាពជាដៃគូររវាងនិស្សិត និងMicrosoft (MSP) និងកម្មវិធីយុវជន YouthSpark របស់Microsoft នៅកម្ពុជា ដែលពិធីអបអរបានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។កម្មវិធីភាពជាដៃគូរវាងនិស្សិត និង Microsoft (MSP) បង្កើតឡើងក្នុងគោលបំណងបណ្ដុះជំនាញបច្ចេកវិទ្យាដល់ យុវជន តាមរយៈការផ្ដល់មូលដ្ឋានមួយសម្រាប់បង្កើតសហគមន៍របស់និស្សិតផ្ដោតលើបច្ចេកវិទ្យា ក៏ដូចជាការផ្ដល់ជូនការបណ្ដុះបណ្ដាល និងធនធានថ្មីៗបំផុត ។
នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការមិនរកប្រាក់ចំណូល ឈ្មោះថា STEM Cambodia ដែលក្នុងនោះ ក្រុមហ៊ុន Microsoft បានជ្រើសរើសនិស្សិតពូកែៗចំនួន ៥៤ នាក់ មកពីវិទ្សាស្ថានចំនួន ១០ នៅទីក្រុងភ្នំពេញ ក្នុងរយៈកាលមួយឆ្នាំមកនេះ ដើម្បីទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសស្ដីពីភាសាលើការផលិតកម្មវិធី (Programming) និងកម្មវិធីផ្សេងទៀតដូចជា Xamarin និង ASP.net ។
និសិ្សតទាំងនោះក៏មានឱកាស អភិវឌ្ឍភាពជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងជំនាញគ្រប់គ្រងគម្រោង ក្នុងពេលចូលរួមវគ្គសិក្សានៃកម្មវិធីនេះ។ ក្នុងនាមជាទូត របស់ក្រុមហ៊ុន Microsoft តំណាងឲ្យសាលារៀនពួកគេម្នាក់ៗ កម្មវិធី MSP បានរៀបចំព្រឹត្តិការណ៍ និងសិក្ខាសិលានានា ហើយបានបង្កើតសហគមន៍បច្ចេកវិទ្យាដ៏សកម្មមួយយ៉ាងជោគជ័យ ដែលមាននិស្សិតជាង ៧០០នាក់ នៅក្នុងសហគមន៍នោះ។
លោកAllen Dodgson Tan នាយកគ្រប់គ្រងអង្គការ STEMកម្ពុជា បានមានប្រសាសន៍ថា៖ “កម្មវិធី MSP របស់ Microsoft គឺកំពុងតែជួយបំពាក់បំប៉នជំនាញសំខាន់ជាសកល ដល់វិស័យព័ត៌មានវិទ្យាដែលកំពុងលូតលាស់នៅកម្ពុជា ។ កម្មវិធីនេះបានផ្ដល់ឱកាសពិសេស សម្រាប់និស្សិតដែលពាក់ព័ន្ធ ហើយជាលទ្ធផលនឹងលើកកម្ពស់ជំនាញនៅក្នុងវិស័យនេះទាំងមូល”។
កម្មវិធី YouthSpark របស់ Microsoft ដែលអនុវត្តទូទាំងសកលលោក គឺមានគោលបំណងជួយឲ្យយុវជនទាំងអស់ត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត តាមរយៈការផ្តល់ឲ្យពួកគេនូវជំនាញគិតបែបឌីជីថល និងបែបកុំព្យូទ័រ ដែលជំនាញទាំងនេះគឺជាធាតុសំខាន់សម្រាប់អនុញ្ញាតឲ្យពួកគេទទួលបានភាពជោគជ័យ ក្នុងបរិបទសេដ្ឋកិច្ចដែលមានកំណើនតាមរយៈវិស័យបច្ចេកវិទ្យា និងជួយឲ្យពួកគេបានក្លាយជាអ្នកបង្កើតថ្មី និងជាកម្លាំងចលករសម្រាប់កំណើនអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ខ្លួន តាមរយៈធនធាន និងបរិក្ខារដែលបានផ្ដល់ជូន ។
នៅពេលនេះ កម្មវិធី Microsoft YouthSpark បានឈានចូលដល់ឆ្នាំទីពីរហើយ ហើយក្រុមហ៊ុន Microsoftនឹងបន្តពង្រីកការងាររបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីជួយបំពេញតម្រូវការផ្នែកអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ច និងផ្តល់អំណាចដល់សហគមន៍ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀត ។ តាមរយៈកម្មវិធី ការតបស្នងរបស់បុគ្គលិក (Employee Giving Program) ក្រុមស្ម័គ្រចិត្តបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ដល់ ២២ សីហា ឆ្នាំ ២០១៧ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍនផ្នែកឌីជីថលរបស់អង្គការ CCF ។
ដោយការប្រើប្រាស់កម្មវិធី cloud ដូច្នេះ អង្គការ CCF នឹងមានចំណេះដឹង និងឧបករណ៍កាន់តែប្រសើរឡើង ដើម្បីបំពេញបេសកកម្មរបស់ខ្លួនកាន់តែប្រសើរជាងមុន ក្នុងការផ្លាស់ប្តូរកុមារក្រីក្របំផុតរបស់ប្រទេសនេះឲ្យមានឱកាសក្លាយជាមេដឹកនាំទៅថ្ងៃអនាគត ។ អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការ សម្រាប់ទីផ្សារថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា៖ “យុវជនទាំងអស់គួរតែមានឱកាសរៀនជំនាញ ដែលចាំបាស់ សម្រាប់បានចូលរួមនៅក្នុងពិភពលោកដែលចេះតែវិវត្ត ដោយសារបច្ចេកវិទ្យា ។ យើងធ្វើការជាមួយអង្គការមិនរកប្រាក់ចំណូល នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់កុមារ និងយុវជន ក្នុងការទទួលអត្ថប្រយោជន៍ពីជំនាញឌីជីថល និងផ្ដល់លទ្ធភាពដល់យុវជនកម្ពុជាគ្រប់រូបដើម្បីឲ្យសម្រេចបាននូវសមិទ្ធផលកាន់តែច្រើន”៕ វឌ្ឍនា