ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាម (គណៈអ៊ីមាំ )ខេត្ត ក្រុង និងនាយកអប់រំ គ្របើកម្រិត ទូទាំងប្រទេសចំនួន៣១៤នាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានស្នើឲ្យ លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម ទាំងអស់ត្រូវពង្រឹងស្តង់ដាអប់រំ ឥស្លាមឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធ សាស្រ្ត របស់ក្រសួងអប់រំ យុវជន និងកីឡាដែលកំពុងដាក់ ចេញ យុទ្ធសាស្រ្តកែទម្រង់កម្មវិធីសិក្សាគ្រប់កម្រិត និងការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកអប់រំ ឲ្យមានប្រសិទ្ធភាព និងមានគុណភាព។ ពិធីនេះបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ឬស្សីកែវ ។
លោក អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា៖ ជាការពិតណាស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ចង់ឃើញសហគមន៍ខ្មែរឥស្លាម មាន ការរីកចម្រើនកាន់តែខ្លាំងឡើង ជាពិសេស សម្ដេចចង់ឲ្យស្តង់ដាអប់រំឥស្លាម មានកំណែទម្រង់កាន់តែប្រសើរថែមទៀត បន្ទាប់ពីគ្រូខ្មែរឥស្លាមប្រមាណ១,៥០០នាក់ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកន្លងទៅជិត២ឆ្នាំនេះ សង្ឃឹមថា នឹងមិនមានការបង្អាក ម៉ោងបង្រៀន ដូចកាលមិនទាន់មានប្រាក់បៀវត្សទៀត ដោយត្រូវ ស្វែករកជីវភាពក្រៅពីការបង្រៀននោះទេ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិ បាលបានសម្បទានគ្រប់បែបយ៉ាង ដល់ការចូលរួមកសាងសហគមន៍ខ្មែរឥស្លាម ជាពិសេសវិស័យអប់រំ ដូចជា ប្រាក់ បៀវត្សគ្រូ និងការសាងសង់អាគារសិក្សា ជូនស្ទើគ្រប់ទីកន្លែងផងដែរ ។ ដើម្បីពង្រឹងវិន័យដល់មន្រ្តីអប់រំនេះ ក៏មានថ្នាក់ដឹកនាំសំខាន់ៗ ដែលទទួលបន្ទុកដឹកនាំកម្មវិធីអប់រំឥស្លាម រួមមាន លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃ សាសនាឥស្លាមកម្ពុជា ដែលជាសមាភាពវាគ្មិន បានឡើងផ្តល់បទបង្ហាញ ស្តីអំពីក្របខណ្ឌច្បាប់គ្រប់គ្រង មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ជាពិសេសការ ដាក់ចេញនូវ យុទ្ធសាស្រ្តនានា ដើម្បីអនុវត្តកំណែទម្រង់ស្តង់ដារអប់រំឲ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ៕ សំរិត