ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារផ្កាយ៥សុខាសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារសុខាសៀមរាប របស់ក្រុមហ៊ុនសុខា ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួនបន្ទប់សរុប១,២៣៦បន្ទប់ មានបុគ្គលិកបំរើការងារសរុប ចំនួន៦២៨នាក់ និងមានភោជនីយដ្ឋានក្នុងសណ្ឋាគារចំនួន០២។ ចំពោះសំណង់អាគារនេះក៏ត្រូវបានសាងសង់មិនអោយប៉ះពាល់ដល់រមនីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្ត ហើយគោរពតាមក្រិតក្រម និងការកំណត់របស់អង្គការ UNESCO ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ឋផលសណ្ឋាគាររបស់ក្រុមហ៊ុនសុខចំនួន២ គឺសណ្ឋាគារសុខាលំដាប់ផ្កាយ៥ ដែលមាន៧៧២បន្ទប់ និងសណ្ឋាគារសុខាផាឡែស លំដាប់ផ្កាយ៤ មាន៤៤៧បន្ទប់ នៅក្នុងខេត្តសៀមរាបនេះ។ នេះគឺជាសណ្ឋាគារដែលធំជាងគេក្នុងប្រទេស ដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើវិស័យទេសចរណ៍ និងសំរាប់ការទទួលនូវបដិសណ្ឋារកិច្ចនៃថ្នាក់ដឹកនាំនានាក្នុងកិវ្ចប្រជុំផ្សេងៗ។ សម្តេចតេជោ មានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ គឺនឹងយកសណ្ឋាគារនេះតែម្តង។

វត្តមានសណ្ឋាគារនេះ គឺបានរួមចំណែកផ្តល់សេវាដល់ភ្ញៀវទេសចរកាន់តែប្រសើរថែមទៀត ខណៈដែលខេត្តសៀមរាបកំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជានោះ ដែលពេលនេះ ខេត្តសៀមរាបមានសណ្ឋាគារ ១៩៩កន្លែង ស្មើនិង ១២,៧៨៩បន្ទប់ ក្នុងនោះវិនិយោគដោយជនបរទេសមាន ៣២សណ្ឋាគារ។ សណ្ឋាគារផ្កាយ៥ មានចំនួន១៥, សណ្ឋាគារផ្កាយ៤ មានចំនួន២៤, អាផាតម៉ិន (Apartment) ចំនួន៩កន្លែង ស្មើនឹង ៤០៤បន្ទប់ និងមានផ្ទះសំណាក់វិញ មានចំនួន ៣០៧កន្លែង ស្មើនឹង ៤,៥៤៣បន្ទប់ ក្នុងនោះវិនិយោគដោយជនបរទេសមានចំនួន ៦០កន្លែង។ ទាំងសណ្ឋាគារ និងផ្ទះសំណាក់ មានបុគ្គលិកបម្រើការសរុបជាង ២ម៉ឺននាក់ផងដែរ។ ខេត្តសៀមរាបអង្គរនេះគឺជាកំណប់ទ្រព្យដ៏មានតម្លៃដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងការរីកចម្រើនសព្វថ្ងៃ ក៏យើងចងចាំផងដែរថាពីមុនទីនេះមានតែសណ្ឋាគារចាស់ៗចំនួន២ គឺ Grand Hotel និង Apsara Hotel ហើយទីនេះគឺជាសមរភូមិប្រយុទ្ឋដ៏ក្តៅគគុកជាមួយទាហ៊ានប៉ុលពត។ ដោយសារនយោបាយ ឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមទាំងស្រុង ហើយយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។

ភាពរីកចម្រើននៃវិស័យទេចរណ៍នេះ គឺដោយសារតែកម្ពុជាទទួលបាននូវសុខសន្តិភាព បើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍដែរ ហើយវិស័យទេសចរណ៍នោះក៏មិនមានការរីកចម្រើនដែរ ដូច្នេះដើម្បីចូលរួមចំណែកជំរុញវិស័យនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន២ចំនុចសំខាន់៖

១)រួមគ្នាថែរក្សា ការពារសន្តិភាព ជាពិសេសតំបន់ទេចណ៍ ការពារសុវត្តិភាពដល់ភ្ញៀវទេចណ៍គ្រប់ប្រភេទ សណ្តាប់ធ្នាប់សង្គម ជាពិសេសការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតំបន់ទេសចរណ៍ និងនៅទូទាំងប្រទេស ដើម្បីធានាអោយបាននូវសេចក្តីសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍គ្រប់ទេសទី។

២)ត្រូវអភិវឌ្ឍវិស័យទេសចរណ៍តាមគោលដៅរបស់ក្រសួងទេសចរណ៍ដែលបានដាក់ចេញក្នុងការជម្រុញវិស័យទេចរណ៍អោយកាន់តែល្អប្រសើរ ដូចជាការការអភិវឌ្ឍតំបន់ទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ច និងការផ្តល់សេវាទេសចរណ៍ល្អជាដើម។ ទាក់ទងទៅនឹងវិស័យទេសចរណ៍នេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជម្រុញអោយមានការនាំចេញនៅនឹងកន្លែង ក្នុងគោលដៅទេសចរណ៍ដើម្បីកាត់បន្តយភាពក្រីក្រ គឺប្រជាពលរដ្ឋអាចបំរើសេវាកម្មជាច្រើនដល់ភ្ញៀវទេសចរណ៍ ដូចជាសេវាស្នាក់នៅ ចំណីអាហារ វត្ថុអនុស្សាវរីយ៍ តាមរយៈការផលិត និងផ្តល់ចេញពីតំបន់ទេចរណ៍ផ្ទាល់តែម្តង។ ប៉ុន្តែក្នុងន័យនេះគឺ សម្តេចតេជោ បានស្នើអោយសេវាកម្មទាំងឡាយមានគុណភាព រួមាំទាំងចំណីអាហារត្រូវអោយមានអនាម័យនិងសុវត្ថិភាពល្អដើម្បីអោយភ្ញៀវមកម្តងហើយ ចង់មកម្តងទៀត ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិជាច្រើនថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាក៏កំពុងជំរុញក្នុងការផ្តល់ទិដ្ឋាការ (Visa) ដល់ទេសចរនៅពេលដែលចុះចតតែម្តងដើម្បីអោយកាន់តែងាយស្រួលដល់ការធ្វើដំណើរ។

សម្តេចតេជោ ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា គ្មានវិនិយោគគិនណាមកវិនិយោគ ឬទេសចរណាមកលេងប្រទេសយើងទេ ប្រសិនបើយើងនៅមានសង្រ្គាម។ ទន្ទឹមនឹងការរីកលូតលាស់ផ្នែកសណ្ឋាគារ សម្តេចតេជោ ក៏បានលើកទឹកចិត្តអោយគិតគូដល់ការវិនិយោគព្រលានយន្តហោះថ្មីៗដើម្បីបងម្រើការហោះហើរដោយយន្តហោះធំៗធ្ងន់ៗទាំងនៅក្នុងខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះសីហនុ។ ស្របគ្នានេះដែរ ការតភ្ជាប់ទាំងផ្លូវគោក និងផ្លូវទឹក ជាពិសេសជាមួយប្រទេសជិតខាងក៏ត្រូវជំរុញរៀបចំអោយបានល្អប្រសើរថែមទៀត។ យើងបានខិតខំជំរុញវិស័យទេសចរណ៍អោយកាន់តែរីកចម្រើនទៅមុខ ដែលពីមុនយើងមានតែ (0)ទេសចរណ៍ តែពេលនេះកម្ពុជាទទួលភ្ញៀវទេសចរណ៍ជាង៥លាននាក់ក្នុង១ឆ្នាំៗ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសុខា អាជ្ញាធរខេត្ត ដែលបានវិនិយោគលើសណ្ឋាគារនេះឡើងដើម្បីបំរើវិស័យទេចរណ៍ និងអគុណដល់ក្រសួងទេចរណ៍ អាជ្ញាធរ និងក្រសួងវប្បធម៌ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យទេចរណ៍វប្បធម៌នេះអោយកាន់តែរីកចម្រើនខ្ពស់ឡើង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖