រដ្ឋមន្ត្រីការបរទេស អុីតាលី លោក Angelino Alfano បានប្រកាសថា អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុងរ៉ូម នឹងត្រូវចាកចេញពីប្រទេសនេះ។ ការប្រកាសបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើង គឺជាសកម្មភាពប្រឆាំងនឹងការសាកល្បងមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង។
នៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន La Repubblica រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Angelino បានប្រកាសថា មន្ត្រីស្ថានទូតកូរ៉េខាងជើងត្រូវតែចាកចេញពីអុីតាលី។ លោកបន្តទៀតថា «យើងបានចេញសេចក្តីប្រកាសសម្រេចផ្អាកទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ហើយមន្ត្រីកូរ៉េខាងជើងត្រូវតែចាកចេញពីអុីតាលី»។ ប៉ុន្តែប្រទេសទាំង២នៅតែរក្សាបណ្តាញទំនាក់ទំនងទៅលើបញ្ហាមួយចំនួន។
លោក Angelino Alfano បានបញ្ជាក់ថា ការប្រកាសនាពេលកន្លងមករបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ថា អាមេរិកអាចនឹងស្វែងរកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើង គឺជារឿងមួយយ៉ាងល្អប្រសើរបំផុត ដើម្បីបញ្ចប់វិវាទ និងសង្គ្រាមពាក្យសម្តីដែលកំពុងតែកើតឡើងរវាងប្រធានាធិបតី ត្រាំ នឹង គីម ជុងអ៊ុន។
អុីតាលីបានគាំទ្រយ៉ាងពេញទំហឹង ក្នុងការបញ្ចប់កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូនៅកូរ៉េខាងជើង។ កាលពីថ្ងៃទី៣ ខែកញ្ញា កូរ៉េខាងជើង បានសាកល្បងដោយជោគជ័យ នូវបរមាណូ hydro បង្រួមតូចដើម្បីបំពាក់ ក្បាលគ្រាប់មីស៊ីលឆ្លងទ្វីប។ បរមាណូដែលកូរ៉េខាងជើងបានសាកល្បងនោះមានកម្លាំងបំផ្លាញខ្លាំង រហូតដល់១៦០គីឡូតុន ស្មើនឹងគ្រាប់បែកដែលអាមេរិកទម្លាក់នៅ ទីក្រុងហុីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥ ដល់ទៅ១០ដង។
ពាក់ព័ន្ធនឹងវិបត្តិបរមាណូ កូរ៉េខាងជើងរកច្រកចេញមិនទាន់ឃើញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ សហរដ្ឋអាមេរិក បាននិយាយថា អាមេរិកបានទំនាក់ទំនង ដោយផ្ទាល់ជាមួយកូរ៉េខាងជើង ទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ប៉ុន្តែក្រុងព្យុងយ៉ាងបានបង្ហាញអំពីភាពមិនចាប់អារម្មណ៍ នៅក្នុងការចរចាគ្នានោះទេ។
ការបង្ហាញនេះបានធ្វើឡើង ដោយលោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលធ្វើដំណើរមួយ មកកាន់ប្រទេសចិន ដែលតំណាងឲ្យការធ្វើដំណើរដំបូង ពាំនាំពាក្យសម្តីដែលលើកឡើង អំពីកូរ៉េខាងជើង ដោយថ្លែងអំពីការបញ្ចុះបញ្ចូលរបស់ខ្លួន នៃការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ ដែលគ្រាប់មីស៊ីល បំពាក់គ្រាប់ផ្លោងឆ្លងទ្វីប។
លោក Tilllerson បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងក្រុងប៉េកាំងថា “យើងកំពុងតែធ្វើការស៊ើបអង្កេត ដូច្នេះហើយ នៅស្ងៀមចំពោះរឿងទាំងអស់នេះ”៕ ម៉ែវ សាធី