ខេត្តបាត់ដំបង៖ រថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនស្រាបៀរអង្គរត្រូវសមត្ថកិច្ចរាយការណ៍ថា បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកបន្តគ្នាខូចខាត៥គ្រឿង និងរងរបួសមនុស្ស៣នាក់ ។ អ្នកបើករថយន្តបង្កហេតុរបស់ក្រុមហ៊ុនស្រាបៀរអង្គរ បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីហេតុការណ៍កើតឡើង។
សេចក្តីរាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី២ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះបង្កដោយរថយន្តក្រុមហ៊ុនដឹកស្រាបៀរអង្គរ ពណ៌ក្រហម (អ្នកបើកបរគេចខ្លួន)ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ ទិសដៅស្របគ្នា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ califorma4WVZ789 អ្នកបើកបរឈ្មោះឡុង ឌី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(របួសស្រាល) ចំពីក្រោយ បន្ទាប់មករថយន្តហាយឡេឌ័រ បានច្រុលចង្កូតទៅបុកនឹងរថយន្ត១គ្រឿងទៀត ម៉ាកកាមរី ពណ៌សម្បកឪឡឹក សេរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខ ភ្នំពេញ 2A-7866 ពីក្រោយ បើកបរដោយឈ្មោះ ប្រុញ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោង ខេត្តបាត់ដំបង(របួសស្រាល) ចំណែករថយន្តដឹកស្រាបៀរអង្គរ បានជ្រុលចង្កូតទៅបុករថយន្តម៉ាក់កាមរី សេរី ឆ្នាំ១៩៨៨ ពណ៌ស ពាក់ស្លាកលេខ ឃ3226ភព2 (ច្រាស់ទិសគ្នា មកពីទិសខាងកើត)ចំពីមុខពេញ គៀបជាប់គ្នាបើកបរដោយឈ្មោះ ប៉ុក រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដាក ឃុំគា ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (របួសស្រាល) ពេលនោះមានរថយន្ត១គ្រឿងទៀត ម៉ាកកាមរី ស៊េរីឆ្នាំ២០០៩ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4973 បើកបរដោយឈ្មោះ សួង សុខ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជាលា ឃុំ ជាលា ស្រុក បាធាយខេត្ត កំពង់ចាមបានបើកមកពីក្រោយរថយន្តកាមរីសេរីឆ្នាំ១៩៨៨បានបុកចំពីក្រោយបន្តទៀត ធ្វើឲ្យខូចខាតផ្នែកខាងមុខរថយន្តកាមារី ស៊េរីឆ្នាំ២០០៩ទាំងស្រុង ។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះបង្កគ្រោះថ្នាក់ខូចខាតរថយន្ត៥គ្រឿងនិងរបួសស្រាល៣នាក់។ បច្ចុប្បន្នៈរថយន្តទាំង៥គ្រឿងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕