វិវាទដែលមិនអាចដោះស្រាយបានក្នុងរយៈពេលជាង១ឆ្នាំកន្លះកន្លងមកនោះ នេះ កាន់តែតានតឹងខ្លាំងឡើងរវាងអាមេរិក នឹង ទួរគី ក្នុងពេលដែលទួរគីបានងាកទៅរក ទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ីវិញ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារ យោធាមិន បានសម្រេចនៅក្នុងប្រទេសទួរគីកាលពី១៥ ខែមុន ទំនាក់ទំនងរវាងអាមេរិកនឹងទួរគី កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅតែទម្លាក់កំហុសទៅឲ្យ អាមេរិក ស្តីពីមូលហេតុ នៃការធ្វើរដ្ឋប្រហារ ដោយចោទប្រកាន់អាមេរិកនៅពីក្រោយ ខ្នង។
លោកអ៊ែរដូហ្គានបញ្ជាក់ថា អ្នកដែលនៅពីក្រោយការធ្វើរដ្ឋប្រហារគឺលោក Fe thullah Gulen ដែលពេលនេះ កំពុងតែ ភៀសខ្លួននៅអាមេរិក ហើយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បានបដិសេធនាំខ្លួន ទៅកាន់ទួរគីវិញ តាមសំណើរបស់រដ្ឋាភិ បាលទួរគី។
ក្រៅពីនេះរដ្ឋាភិបាលអាមេរិកនិងទួរគីក៏បានប្រឈមមុខតានតឹងដាក់គ្នា ស្តីពី សង្គ្រាមនៅក្នុងប្រទេសស៊ីរីផងដែរ ។ ចំណុចទាំងនោះ គឺជាការបកស្រាយថា ហេតុអ្វីបានជា ទួរគីចាប់ខ្លួនបុគ្គលិកស្ថានទូតអាមេរិកនៅទួរគី ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធា។
ស្ថានភាពកាន់តែអាក្រក់ទៅក្រោយពេលដែលអាមេរិក ប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ ពលរដ្ឋទួរគី ហើយទួរគីវិញក៏បានប្រកាសផ្អាកផ្តល់ទិដ្ឋាការ ដល់ពលរដ្ឋអាមេរិកផង ដែរ ។ហេតុការណ៍ខាងលើ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុទួរគីធ្លាក់ចុះយ៉ាងខ្លាំង ។ក្នុងពេលដែលភាពតានតឹងរវាងអាមេរិក នឹងទួរគី កំពុងតានតឹងជុំវិញការចាប់ខ្លួន បុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់ នៅក្នុងទីក្រុង Instanbul ដោយចោទថា បានជាប់ពាក់ ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំមុននោះ ក៏ស្រាប់តែមានដីកា បង្គាប់ឱ្យចាប់ខ្លួន ក្រុមការងាររបស់ស្ថាន កុងស៊ុលអាមេរិក ផ្សេងទៀតបន្ទាប់ពីអាមេរិកបានផ្អាកសេវាកម្មទិដ្ឋាការ នៅក្នុង ប្រទេស ទួរគី។
យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បានឲ្យ ដឹង ដោយយោងតាមប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកទួរគីថា ទួរគីបានចេញ ដីកាចាប់ខ្លួន បុគ្គលិកស្ថានកុងស៊ុលអាមេ រិកផ្សេងទៀត។
ទូរទស្សន៍ NTV របស់ទួរគី បានផ្សាយ ថា ជនសង្ស័យកំពុងត្រូវបានស្វែងរកចាប់ខ្លួន ដោយមន្រ្តីសន្តិសុខ ខណៈប្រពន្ធ និង កូនរបស់គាត់ កំពុងត្រូវបានចោទសួរ ដោយ ប៉ូលិសទួរគី។ ហេតុផលសម្រាប់ដីកា ចាប់ខ្លួន មិនទាន់ត្រូវបានបង្ហាញនៅឡើយ ទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល ទីក្រុង អង់ការ៉ា មិនទាន់បានបញ្ជាក់ពី របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនៅឡើយ ទេ។ ចំណែករដ្ឋមន្ត្រីយុត្តិធម៌ទួរគី បាន និយាយមុននេះថា លោកមិនមានព័ត៌មាន អំពីការចេញដីកាថ្មីឡើយ។
សូមជម្រាបថា ការព្យាករពីប្រព័ន្ធផ្សព្វ ផ្សាយ ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនមួយផ្សេងទៀតនេះ បានកើតឡើងចំពេលនៃការធ្លាក់ចុះទំនាក់ទំនងរវាងក្រុមសម្ពន្ធមិត្តណាតូ ជុំវិញការចាប់ខ្លួន បុគ្គលិកស្ថានកុងស៊ុល អាមេរិក នៅអ៊ីស្តង់ប៊ុល ពីបទជាប់ពាក់ព័ន្ធទៅនឹងបព្វជិតអ៊ិស្លាម Gulen ដែលត្រូវ បានចោទប្រកាន់ ដោយរដ្ឋាភិបាលទីក្រុង អង់ការ៉ា Ankara ថា ជាអ្នកនៅពីក្រោយ រដ្ឋប្រហារបរាជ័យ នៅឆ្នាំ២០១៦ ។
មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានផ្អាកសេវាកម្មទិដ្ឋាការ នៅប្រទេស ទួរគី នៅក្នុងគ្រប់ផ្នែកការទូតរបស់ខ្លួន ដើម្បី “វាយតម្លៃឡើងវិញ នូវការប្តេជ្ញាចិត្ត របស់ទួរគី ចំពោះសន្តិសុខ” នៃបេសក កម្មសហរដ្ឋអាមេរិក។ មិនយូរប៉ុន្មាន រដ្ឋា ភិបាលទីក្រុងអង់ការ៉ា បានឆ្លើយតប ចំពោះវិធានការសងសឹកវិញ ដោយការ ផ្អាកសេវាកម្មទិដ្ឋាការ នៅសហរដ្ឋ អាមេរិកវិញ ខណៈដែលនៅថ្ងៃបន្ទាប់ ក្រសួងការបរទេសទួរគី បានកោះហៅ លេខាធិការ នៃស្ថានទូតសហរដ្ឋអាមេរិក មកសួរអំពីបញ្ហានេះ៕ ម៉ែវ សាធី