ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទឆ្នុកកើតមានឡើងវិញយ៉ាងសកម្មនៅឃុំអន្លង់សំណស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ បទល្មើសនេសាទប្រភេទឆ្នុកកំពុងកើតមានក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមិនមានសមត្ថកិច្ចជំនាញណាម្នាក់ចេញមុខបង្ក្រាបទេ ធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្រ្ដីជំនាញដែលពាក់ព័ន្ធ នៅតំបន់នោះ ប្រហែលជាត្រូវថ្នាំបន្ទន់ឆ្អឹង ដើរលែងរួចទៅហើយ។ ដូច្នេះត្រូវការឲ្យ អ្នកសារព័ត៌មានចុះផ្សាយទើបអាចផ្ដល់ ដំណឹងដល់ថ្នាក់ដឹកនាំបាន។

តាមការអះអាងរបស់ប្រជានេសាទ បានឲ្យដឹងនៅព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៧ ថា បទល្មើសនេសាទប្រភេទ ឆ្នុកនេះ កំពុងធ្វើឲ្យត្រីហិនហោចផុតពូជ នៅក្នុងបឹងទន្លេសាប ដោយសារតែការប្រើ ប្រាស់ឧបករណ៍នេសាទបែបទំនើបនេះ កុំថាឡើយត្រីធំត្រីតូចល្អិតៗក៏គេចមិនរួចពីឧបករណ៍នេះដែរ ព្រោះគេដាក់មង ក្រឡាញឹក និងភ្លើងអំពូល ដើម្បីឲ្យសត្វ ល្អិតធ្លាក់លើទឹក នោះត្រីនឹងចោមរោមស៊ី ហើយក៏ចូលក្នុងសាច់មងយ៉ាងស្រួល និងមានទាំងប្រដាប់ឆក់ត្រីថែមទៀតផង។

តាមប្រភពពីប្រជានេសាទបានឲ្យដឹង ថា មន្រ្ដីជំនាញរដ្ឋបាលជលផលខេត្ត សៀមរាប ជាពិសេសមន្ត្រីរដ្ឋបាលជលផល ស្រុកជីក្រែង និងស្រុកសូទ្រនិគម បាន ទទួលលាភសក្ការៈពីក្រុមដាក់បទល្មើស យ៉ាងផ្អែមមាត់ផ្អែមក ដោយសារមាន មេខ្យល់ អ្នកដើរប្រមូលលុយពីក្រុមជន ល្មើសដែលប្រើឧបករណ៍ខុសច្បាប់។ ពលរដ្ឋនៅទីនោះបានប្រាប់ទៀតថា ដោយសារតែមានអំពើរពុករលួយបែប នេះហើយ ទើបបទល្មើសនេសាទប្រើឧប ករណ៍ឆ្នុកនៅស្រុកជីក្រែង ខេត្តសៀមរាប កាន់តែខ្លាំងឡើងៗ ដូចទឹកបាក់ទំនប់យ៉ាង ដូច្នេះ។

ទាក់ទិននឹងករណីនេះដែរ លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលជលផលអន្លង់ សំណ មិនអាចទាក់ទងសុំការពន្យល់បាន ទេ នៅព្រឹកថ្ងៃទី១០ ខែតុលា ដោយសារ ហៅទូរស័ព្ទមិនចូល គឺនៅក្រៅតំបន់ សេវា។

ជុំវិញករណីខាងលើនេះដែរ លោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាប ក៏មិនអាចសុំការបំភ្លឺបាន ដែរនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដោយសារហៅទូរស័ព្ទចូលហើយ តែគ្មានអ្នក លើក។

ទោះជាយ៉ាងនេះក្តី គេទន្ទឹងរង់ចាំមើល ថា តើលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្មខេត្តសៀមរាបមានវិធានការយ៉ាងម៉េច ចំពោះបទល្មើសទាំងនេះ កន្លងមកសមត្ថកិច្ចបានសហការជាមួយមន្ត្រី ជំនាញ បានចុះប្រតិបត្តិការបង្ក្រាបបទ ល្មើសនេសាទ ព្រមទាំងកាប់បំផ្លាញ និង ដុតកម្ទេចចោល ដើម្បីយកស្នាដៃ និងជាល្បិចប្រើសម្រាប់កៀងត្រីបញ្ចូលស៊ងតែ ប៉ុណ្ណោះ៕ ប៊ុន រិទ្ធី

 

 

 


ចែករំលែក៖