ភ្នំពេញ៖ បើទោះបីជាបទល្មើសឆក់កើនឡើង ហើយបទល្មើសប្លន់ថយចុះក៏ដោយ តែសមត្ថកិច្ចនៅបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទដូចភ្លៀងរលឹម។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងដកពបទពិសោធន៍ការអនុវត្តផែនការយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ ការត្រួតពិនិត្យបច្ចុប្បន្នភាព ដីកាចាប់ និងការងារបច្ចេកទេសវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នាយឧត្តមសេនីយ៍ កង សាខន អគ្គស្នងការរងនគរបាលជាតិក៏បានធ្វើការណែនាំដល់គ្រប់បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្តពង្រឹងការអនុវត្តផែនការយុទ្ធនាការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ខណៈដែលរាជធានីភ្នំពេញមានកើតបទល្មើសអំពើលួច ឆក់ ច្រើនជាងគេ។
នាយឧត្តមសេនីយ៍អគ្គស្នការរងដដែលបន្តថា បន្ទាប់ពីប្រជុំផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះមានតែស្នងការដ្ឋាននគរបាលខេត្តចំនួន៣ ដែលបានធ្វើផែនការលម្អិតក្នុងនោះមាន៖ ខេត្តកំពង់ឆ្នាំង ក្រចេះ និងព្រះវិហារ ហើយខេត្តទាំង៣នេះ បើទោះបីជាបានធ្វើក៏ពិតមែន ប៉ុន្តែក៏នៅមានការយឺតយ៉ាវផងនោះដែរ។
ដោយឡែកស្នងការដ្ឋាននគរបាលខេត្តមួយចំនួនទៀតនៅមិនទាន់មាន ផែនការលម្អិតនៅឡើយទេ មិនដឹងមកពីមានបញ្ហាអ្វី ឬបញ្ហាប្រឈមអ្វី បានជាមកដល់ម៉ោងហ្នឹងនៅមិនទាន់មានផែនការនៅឡើយ។ លោក កង សាខន អគ្គស្នងការរងនគរបាលជាតិទទួលផែនយុតិ្តធម៌បន្តថា មកទល់ម៉ោងនេះស្នងការនគរបាលរាជធានីភ្នំពេញ នៅមិនទាន់ធ្វើផែនការលម្អិតនៅឡើយ ខណៈដែលបទល្មើសលួច ឆក់ កើតមានច្រើនជាងតាមបណ្តាខេត្តផ្សេងៗ។
នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិបញ្ជាក់បន្ថែមថា កន្លងទៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានខិតខំប្រឹងប្រែងបង្ក្រាបករណីប្លន់ បានជាច្រើនលើក ក្នុងនោះ៖ ប្លន់ប្រដាប់អាវុធ២៨ លើ ៨៩ ថយចុះ៧០លើក ស្មើនឹង៧១% ប្លន់សាមញ្ញ ៨៥ លើ ៩៤ ថយចុះ ៩ លើក ស្មើនឹង១០% វាជាកិច្ចការដ៏លំបាកតែយើងអាចធ្វើបាន។
ក្នុងន័យដដែលនេះ នាយឧត្តមសេនីយ៍ កង សាខន ក៏បានជម្រុញឲ្យស្នងការនគរបាលរាជធានី ខេត្ត ត្រូវតែខិតខំបង្ការ និងបង្ក្រាបបទល្មើសប្លន់ទាំងអស់នេះឲ្យបានប្រសើរថែមទៀត ពិសេសបង្ការ និងបង្ក្រាបបទល្មើស លួច ឆក់ បើទោះបីជាបទល្មើសនេះមានរូបភាពមិនសូវកាចសាហាវក៏ដោយ តែវាបានជះឥទ្ធិពលមិនល្អដល់ភ្ញៀវទេសចរណ៍បរទេស និងកិតិ្តយសសង្គមជាតិផងដែរ៕ តាឡឹម