ភ្នំពេញ៖ លោក ស៊ាន ប៉រ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានជំរុញឲ្យ ថ្នាក់ដឹកនាំ គ្រប់គ្រឹះស្ថានអប់រំឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សឲ្យបានរឹងមាំបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យអប់រំកាយ និងកីឡា ពិសេសគួរបង្កើត សមាគម ក្លិបកីឡា ឲ្យបានច្រើនប្រភេទកីឡា ។
ការថ្លែងងបែបនេះ បានធ្វើក្នុងពិធីបើកការប្រកួត កីឡាសិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេស នារសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៧ នៅក្នុងពហុកីឡដ្ឋានជាតិ។
លោករដ្ឋលេខាធិការ មានប្រសាសន៍ថា កីឡាជាសេវាសុខភាពដែលមានតម្លៃស្មើនិងសេវាសុខាភិបាលហើយបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអប្បាយមុខផ្សេងៗនៅក្នុងសង្គមផងដែរ។ ពិសេសយុវជនអាចជៀសផុតពីការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងការភ្លើនភ្លើនរបស់ពួកគេដែរ។
ពិសេសកីឡាវាជាមូលដ្ឋានគ្រិះនៃការគោរពវិន័យរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងកេត្តិយសដែលជាការចាប់ផ្តើមកសាងវប្បធម៌ចេះរស់នៅជាមួយគ្នា។
លោក បន្ថែមទៀតថា វេទិកាកីឡា គឺជាការលានុវត្តភាពមួយប្រកបដោយសមធម៍ដែលផ្តល់អោយកីឡាករកីឡាការិនី និងគូប្រកួតមានឱកាសសាកល្បងបញ្ចេញសមត្ថភាពបច្ចេកទេស និងទេពកោសល្យ ។
ក្នុងឱកាសបើកការប្រកួតនេះដែរ លោកបានស្នើឲ្យមន្រ្តីបច្ចេកទេស ដែលមានតួនាទីភារកិច្ចដឹកនាំការប្រកួតទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តតាមវិជ្ជាជីវៈនិងគោលការណ៍នៃនិយាមបច្ចេកទេស ដើម្បីធានាឲ្យការប្រកួតប្រកបនេះទទួឡបានភាពយុត្តិធម៌ ស្របតាមគោលការណ៍ Fair Play ដើម្បីជួយស្វែងរក កីឡាករកីឡាការិនីឆ្នើមនិងមានទេពកោសល្យ កាយសម្បទាល្អ សម្រាប់យកមកបណ្តុះបណ្តាលបំប៉នឲ្យពួកគេក្លាយទៅជាកីឡាករកីឡាការិនី តំណាងប្រទេសជាតិ រួមចំណែកលើកស្ទួយកិត្យានុភាពជាតិនូវលើឆាកអន្តរជាតិ ។
គួររំលឹកថា ការប្រកួតកីឡាសិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសឆ្នាំ២០១៧នេះ មានអត្តពលិក ចូលរួមសរុបចំនួន៦៧៦នាក់ ក្នុងនោះកីឡាការិនី៨៨នាក់ មានប្រភេទកីឡាចំនួន៦គឺបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់ ចាប់ផ្តើមពីថៃ្ងទី១៧ ដល់ថៃ្ងទី២៤ខែតុលា ឆ្នាំ២០១៧ ៕ សារីម