ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋព្រួយបារម្ភខណៈទឹកអាងត្រពាំងថ្មហក់ឡើងលើសកម្រិត១៨០លានម៉ែត្រគូប មន្ត្រីក្រសួងធនធានទឹកថា​ មិនអីទេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទឹកភ្លៀងនៅក្នុងស្រុក និងទឹកហូរបុកយ៉ាងគំហុកពីប្រទេសថៃ នាំឲ្យស្ថានភាពទឹកនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអាងស្តុកទឹកធំបំផុតសម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ទឹកបានហក់ឡើងលើសកម្រិត១៨០លានម៉ែត្រគូប ហួសចំនួនកម្រិតស្តុកនៃអាងទឹកនោះហើយ។

បញ្ហានោះ នាំឲ្យប្រជាពលរដ្ឋរស់់នៅក្នុងតំបន់មានការព្រួយបារម្ភជាខ្លាំង ។ ការនាំឲ្យទឹកក្នុងអាងត្រពាំងថ្មហក់ឡើងបែបនោះ ត្រូវបានលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា បណ្តាលមកពីទឹកភ្លៀងក្នុងស្រុក ទឹកហូរធ្លាក់ពីខេត្តឧត្តរមានជ័យ និងទឹកហូរបុកពីប្រទេសថៃចូលមកអាងទឹកត្រពាំងថ្មនោះ។

លោកបានប្រាប់ឲ្យដឹងទៀតថា អាងទឹកត្រពាំងថ្មស្តុកបានទឹកសរុបចំនួន១៨០លានម៉ែត្រគូប ហើយស្ថានភាពទឹកនៅអាងត្រពាំងថ្ម កើនឡើងរហូតដល់លើសកម្រិត១៨០លានម៉ែត្រគូប បញ្ហានេះវាមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយនោះទេ។

បើសិនជាទឹកហក់ឡើងរហូតដល់កម្ពស់កន្លះម៉ែត្រទៀត ទើបប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

លោកប្រធានមន្ទីរធនធានទឹកខេត្តបានប្រាប់ឲ្យដឹងទៀតថា បញ្ហាដែលមានការលើកឡើងនូវពាក្យចរចាមអារ៉ាមបង្កឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលភ័យខ្លាចថា ទ្វារបង្ហូរទឹកត្រពាំងថ្មនោះមានបញ្ហា រងការខូចខាតដោយសារទឹកបុកខូច ។ បញ្ហានេះលោកបានបំភ្លឺឲ្យដឹងថា វាគ្មានបញ្ហាកើតឡើងបែបនោះឡើយ ទ្វារទឹកនោះ ជាទ្វារទឹកកសាងឡើងបែបស្វ័យប្រវត្តិ បើសិនជាទឹកហក់ឡើងលើស១៨០លានម៉ែត្រគូប គឺទ្វារទឹកនោះវាក្រលាស់ឲ្យទឹកហូររំដោះទៅផ្នែកខាងក្រោមដោយស្វ័យប្រវត្តិ គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ។

លោកឲ្យដឹងទៀតថា ស្ថានភាពទឹកនៅអាងត្រពាំងថ្មរក្សាបាន១៨០លានម៉ែត្រគូប ចំណុចអតិបរមា ដែលវាជាផលវិជ្ជមានដូចបំណងដែលប្រជាពលរដ្ឋត្រូវការ និងចង់បាន សម្រាប់បម្រើឲ្យការបង្កបង្កើនផលស្រូវបង្កើនរដូវរបស់ប្រជាកសិករ ។ ទន្ទឹមនឹងនេះ វាក៏មិនទាន់បង្កឲ្យមានផលប៉ះពាល់ដល់ស្រូវប្រាំង ស្រូវវស្សានៅប៉ែកខាងលើ និងខាងក្រោមនៅឡើយនោះទេ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យថា បើតាមការព្យាការណ៍ភ្លៀងនៅតែបន្តធ្លាក់រហូតដល់សប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមរំលឹកថា អាងទឹកត្រពាំងថ្មស្ថិតនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យកសាងឡើង ក្នុងសម័យប៉ុលពតបដិវត្តន៍អាវខ្មៅ អាងទឹកមួយនេះ កាលពីអំឡុងឆ្នាំ២០១៣ ក្នុងដំណាក់កាលដែលមានទឹកជំនន់ខ្លាំងនៅខេត្តបន្ទាយមានជ័យ ក៏បានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចទំនប់នៅផ្នែកខាងជើងអាងរងការខូចខាត ត្រូវទឹកជំនន់ និងទឹករលកបោកប៉ះបង្កឲ្យទំនប់មួយនេះបង្កឲ្យប្រេះស្រាំ ប្រឈមការបាក់ធ្លាយទៀតផង។ ប៉ុន្តែនៅក្នុងដំណាក់កាលនោះ អាជ្ញាធរខេត្ត ក៏បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងក្រុមការងារមន្រ្តីជំនាញបានទៅបិទទប់ទំនុបនោះ និងដោះស្រាយទាន់ពេលវេលា៕ សំ វិច្ឆិកា


ចែករំលែក៖