ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបព្រួយបារម្ភក្រោយក្រុមភេរវកម្មនៅស៊ីរីនិងអីុរ៉ាក់រងការវាយ«បែកសំបុក»

ចែករំលែក៖

ការប្រកាស រំដោះបានទីក្រុងជាបន្ត បន្ទាប់នៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ បាន ធ្វើឲ្យក្រុមភេរវកម្ម IS បែកខ្ញែកបង្កើន ការវាយប្រហារភេរវកម្ម ដាច់ដោយឡែក តាមបែប «ចចកឯកា» បង្កក្តីបារម្ភយ៉ាង ខ្លាំងដល់ ប្រទេសនៅក្នុងតំបន់អឺរ៉ុប។

នៅពេលនេះអឺរ៉ុបបានបង្កើត កញ្ចប់ ថវិកា សម្រាប់ការពារ សន្តិសុខសុវត្ថិភាពនៅតាមទីសាធារណៈ ដែលជាកន្លែងអាចងាយរងការវាយប្រហារភេរវកម្ម។ គណៈ កម្មការសន្តិសុខ អឺរ៉ុបបានប្រកាសពី កញ្ចប់ថវិកាប្រមាណជិត ១២០លានអឺរ៉ូ សម្រាប់ជាជំនួយផ្តល់ឱ្យសមាជិករបស់ខ្លួនទាំងអស់ យកទៅប្រើប្រាស់ក្នុងកិច្ចការពារទីលានសាធារណៈ នៅតាមទីក្រុង។ ទីក្រុងសំខាន់ៗបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្មជីហាដ កាន់តែខ្លាំងឡើង។

នៅក្នុងផែនការសកម្មភាពជួយក្រុង នានា ការពារទីលានសាធារណៈពីការប៉ុន ប៉ងធ្វើភេរវកម្ម អឺរ៉ុបត្រៀមកញ្ចប់ថវិកា ១៨,៥លានអឺរ៉ូ រួចជាស្រេច អាចប្រើការបានភ្លាមចាប់ពីឆ្នាំ២០១៧នេះទៅតែម្តង និង ១០០លានអឺរ៉ូ សម្រាប់ឆ្នាំ២០១៨។

អឺរ៉ុប បានផ្តួចផ្តើមគំនិតបែបនេះ ក៏ ព្រោះគេសង្កេតឃើញការវាយប្រហារភេរវកម្មជីហាដ ជាបន្តបន្ទាប់លើហ្វូងមនុស្ស នៅតាមទីធ្លា និងទីប្រជុំជនសាធារណៈ ​​ ​ ដូចយ៉ាងការបើកឡានកិនមនុស្សនៅក្រុងនីស ក្នុងថ្ងៃបុណ្យជាតិបារាំង ឆ្នាំ២០១៦ នៅក្រុងប៉ាលឺឡោន ប្រទេសអេស្ប៉ាញ កាលពីថ្ងៃ២១ ខែសីហា ឆ្នាំ២០១៧ នៅ ឡុងដ៍ នៅមែនឆេស្ទ័រប្រទេសអង់គ្លេស ឬនៅស្តុកខុមប្រទេសស៊ុយអែត ។ល។ និង។ល។

ក្រៅអំពីការផ្តល់ថវិកាជាជំនួយ អឺរ៉ុប ក៏ស្នើផងដែរ បង្កើតបណ្តាញជំនាញ ដើម្បីសមាជិកអឺរ៉ុបទាំងអស់អ្នកចែកចាយបទ ពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក ក្នុងវិស័យការពារសុវត្ថិភាពទីលានសាធារណៈ អាកាសយានដ្ឋាន ចំណតរថភ្លើង ពហុ កីឡដ្ឋាន ឬក៏ទីធ្លាសាធារណៈ ដែលអាច នឹងងាយរងការប្រហារ។

មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស ផ្សេងទៀត ក្រៅរង្វង់អឺរ៉ុប ដូចជាលើកទឹកចិត្តឱ្យប្រទេសជាសមាជិកព្រមចរចាជា មួយកាណាដា លើកិច្ចព្រមព្រៀងផ្តល់ទិន្នន័យអ្នកដំណើរឱ្យគ្នាទៅវិញទៅមក ឬស្វែងរកកិច្ចព្រមព្រៀងជាមួយអាល់ហ្សេរី អេហ្ស៊ីប អុីស្រាអែល ហ្សកដានី លីបង់ ម៉ារ៉ុក ទុយនីស៊ី និងទួរគី ផ្ទេរទិន្នន័យបែបបុគ្គលរវាងអឺរ៉ុបប៉ូលនឹងប្រទេសទាំងនោះ ដើម្បីការពារប្រយុទ្ធប្រឆាំងនឹងភេរវ កម្មទម្រង់ធ្ងន់ ហើយមិនយូរមិនឆាប់ អឺរ៉ុបក៏មានភ្នាក់ងារចារកិច្ចអឺរ៉ុបផងដែរ៕ ម៉ែវ សាធី

ក្រុម Isil នៅស៊ីរីកាលពីមិនទាន់បែកសំបុក


ចែករំលែក៖