ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា មុនបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុង និងស្ពានបាឡេ ឆ្លងកាត់ ទន្លេសាប នៅឃ្លាំងស្ដុបប្រេង សូគីមិច ឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនាមុនបញ្ចុះ បឋមសិលាសាងសង់ស្ពានបេតុង និងស្ពានបាឡេ ធ្វើអំពីដែក ២ខ្សែ ឆ្លងកាត់ទន្លេសាប ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវខាងជើងជាប់របងឃ្លាំងស្តុកប្រេងឥន្ទនៈសូគីម៉ិច ភ្ជាប់មកតំបន់អភិវឌ្ឍន៏ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ។

ពិធីក្រុងពាលីនេះមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងលោក ពុង ឃាវសែ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ទៀត កាលពីរសៀលថ្ងៃទី២២ តុលា ឆ្នាំ២០១៧ ។

ពិធីក្រុងពាលី ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាបសុំឲ្យមានសេចក្តីសុខ និងសុវត្ថិភាពកុំឲ្យមានបញ្ហាអ្វីកើតឡើង។

ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានជាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២៣តុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ស្ពានបេតុងដែលគ្រោងស្ថាបនានេះ មាន ប្រវែង៩២២ម៉ែត្រ,ទទឹង ២០,៥ម៉ែត្រ។ចិញ្ចើមស្ពានសំរាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង,កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាបមានសរសរចំនួន៤,គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ ២ខ្សែមក,កំពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ,កំពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។

ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀតជាចំណងដៃសំរាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញនិងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តផងដែរក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន៕ សំរិត


ចែករំលែក៖