ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញព្រមានចៅសង្កាត់ចំនួន៥ ឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមិនថាការងារអនាម័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬបញ្ហាបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ លោក អភិបាលខណ្ឌដូនពេញ បានអញ្ជើញលោក លោកស្រីចៅសង្កាត់ទាំង៥ មកប្រជុំណែនាំក្នុងថ្ងៃឈប់សម្រាក និងបានព្រមានថា សូមអោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមិនថា ការងារអនាម័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬបញ្ហាបទល្មើសផ្សេងៗ កុំធ្វើខ្លួនជាប្រជាពលរដ្ឋ មិនខ្វល់ពីសុខទុក្ខអ្នកដទៃ ព្រោះអីខ្លួនគឺជាចៅសង្កាត់ ។

នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ១៧:០០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំ ដេីម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌ និងក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ដោយ ផ្តោតសំខាន់ទៅលើសង្កាត់ទាំង៥ (គឺចៅសង្កាត់មកគណបក្សCPP ចំនួន០១ និងចៅសង្កាត់មកពីCNRPចំនួន០៤) ក្នុងចំណោមសង្កាត់ទាំង១១ ដែលជាមូលដ្ឋានសំបូរទៅដោយរមណីយដ្ឋាន ទីធ្លាសួនច្បារសាធារណៈ និងសំបូរទៅដោយបទល្មើសផ្សេងៗក្នុងនោះរួមមាន : សង្កាត់ផ្សារកណ្តាលទី១ សង្កាត់ជ័យជំនៈ សង្កាត់ស្រះចក និង សង្កាត់ចតុមុខ និងប៉ុស្តិ៍ ទាំង៥ ដែលជាអាជ្ញាធរមូលដ្ឋានផ្ទាល់បម្រើប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ហើយក៏មានការចូលរួមពីលោកអភិបាលរង នាយក នាយករង អធិការនគរបាលរង មេបញ្ជាការរងកងរាជអាវុធហត្ថរងខណ្ឌ មេប៉ុស្តិ៍ និងចៅសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ។

ក្នុងនោះលោក អភិបាលក៏បានមានប្រសាន៍ថា សូមសង្កាត់ទាំង១១ ជាពិសេសសង្កាត់ទាំង៥ខាងលើ ត្រូវយកចិត្តទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវរង់ចាំដោះស្រាយរាល់បញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋានរៀងៗខ្លួនគ្រប់ពេលវេលា និងត្រូវមានអ្នកប្រចាំការនៅតាមសង្កាត់រៀងៗខ្លួន ទោះថ្ងៃឈប់សម្រាកក៏ដោយ និងត្រូវអនុវត្តន៍ការងាររដ្ឋបាលអោយបានត្រឹមត្រូវតាមច្បាប់លក្ខន្តិកមន្ត្រីរាជការសុីវិល ព្រមទាំងត្រូវរាយកាណ៍ជូន រដ្ឋបាលខណ្ឌដូនពេញតាមឋានានុក្រម រាល់ពេលមានករណីផ្សេងៗ កេីតឡេីងក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងរាល់ពេលមានភ្លៀងធ្លាក់ម្តងៗបណ្តាលអោយមានទឹកលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺមិនដែលឃើញវត្តមានចៅសង្កាត់ រឺក្រុមការងារសង្កាត់ចុះពិនិត្យមើលតាមមាត់អណ្តូងលូ រឺដោះស្រាយជូនប្រជាពលរដ្ឋឡើយ រួមទាំងបញ្ហាអគ្គិភ័យ និងបទល្មើសផ្សេងៗជាច្រើនទៀតផងដែរ ។

ក្រោយពីចប់កិច្ចប្រជុំនេះសង្ឃឹមថាលោក លោកស្រីចៅសង្កាត់ទាំងនោះនឹងកែរប្រែឥរិយាបទ ព្រមទាំងខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋអោយបានល្អដូចដែលការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងកំឡុងពេលឃោសនារកសម្លេងឆ្នោតនាពេលកន្លងមក ៕ស តារា


ចែករំលែក៖