ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបព្រមព្រៀងទិញអាវុធជាច្រើនពីប្រទេសបារាំង

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងរយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីអេហ្ស៊ីប មេដឹកនាំប្រទេសទាំងពីរបានផ្តោតសំខាន់ទៅលើ សំណុំរឿងភេរវនិយម គឺជាអាទិភាពចម្បងជាងគេ ព្រោះអេហ្ស៊ីបទើបនឹងរងគ្រោះពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ បង្កឡើងដោយពួកអង្គការរដ្ឋអ៊ីស្លាម ដូចដែលពួកគេនោះធ្លាប់ធ្វើមកលើបារាំង។

ប្រធានាធិបតីបារាំង និងអេហ្ស៊ីប ត្រូវផ្តោតជំនួបពិភាក្សាអំពីបញ្ហាប្រទេសលីប៊ី ដែលនឹងអាចក្លាយជាជង្រុកថ្មីរបស់ពួកជីហាត ក្រោយការខ្ចាត់ខ្ចាយពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នេះជាតំណាងគ្រោះថ្នាក់ និងការគំរាមកំហែងសម្រាប់អេហ្ស៊ីបផង ប្រទេសជិតខាងក្នុងតំបន់ផង រាប់ទាំងបារាំងផ្ទាល់ទៀតដែរ។

នៅក្នុងកិច្ចពិភាក្សារវាង ប្រធានាធិបតីអេហ្ស៊ីបអាប់ឌែល អាល់ស៊ីស៊ី នឹងលោក ម៉ាក្រុង ប្រធានាធិបតីបារាំង មានសំណុំរឿងស្នូលសំខាន់បី នយោបាយ សេដ្ឋកិច្ច និងយោធា ដែលត្រូវលើកមកពិភាក្សា នៅទីក្រុងប៉ារីស។ បញ្ហាសិទ្ធិមនុស្ស មិនត្រូវបានបំភ្លេចទេ នាឱកាសជំនួបនេះ ប៉ុន្តែដូចជារៀងរាល់លើក សំណុំរឿងនេះមិនត្រូវក្លាយជារំខានដល់ទំនាក់ទំនងដ៏ល្អិតល្មួតរវាងបារាំង នឹងអេហ្ស៊ីបឡើយ។

ពាក់ព័ន្ធនឹងវិស័យការពារជាតិ បារាំងនឹងបន្តប្រគល់អាវុធទៅឱ្យអេហ្ស៊ីប តាមការបញ្ជាទិញ មានអាទិ៍យន្តហោះប្រដេញ Rafaleចំនួន២៤ គ្រឿង ក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាទិញកាលពីឆ្នាំ២០១៥ ទំហំទឹកប្រាក់៥,២ពាន់លានដុល្លារ។ អេហ្ស៊ីបជាអតិថិជនធំទីមួយខាងទិញយន្តហោះរ៉ាហ្វាល់ ពីបារាំង បន្ទាប់មកគឺកាតា និងឥណ្ឌា។

តែគឺខាងផ្នែកសេដ្ឋកិច្ច ដែលទំនាក់ទំនងបារាំងអេហ្ស៊ីប មានភាពប្រសើរខ្លាំង ដោយក្រុមហ៊ុនបារាំង ជាអ្នកទទួលបន្ទុកសាងសង់រថភ្លើងក្រោមតម្លៃ២ពាន់លានអឺរ៉ូផង ការផ្តោះប្តូរពាណិជ្ជកម្មទៀតសោតក៏បានកើនឡើង១២% នៅឆមាសទីមួយឆ្នាំ២០១៧។ ប្រធានាធិបតីស៊ីស៊ី ដែលអមដំណើរដោយប្រតិភូជាអ្នកជំនួញអេហ្ស៊ីបធំៗ ត្រូវជួបជាមួយក្រុមថៅកែធំៗបារាំងទៀត ដើម្បីបើកផ្លូវដល់ការវិនិយោគនៅអេហ្ស៊ីប។

ចុះបញ្ហាសិទ្ធិមនុស្ស ? បារាំងដែលទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខស្អិតល្មួតបំផុតជាមួយអេហ្ស៊ីប បានសន្យាលើកយកបញ្ហាសិទ្ធិមនុស្សមកជជែក នៅក្នុងជំនួបជាមួយប្រធានាធិបតី ស៊ីស៊ី។ រដ្ឋាភិបាលអេហ្ស៊ីបរបស់លោកស៊ីស៊ី មានតុល្យការអាក្រក់ខ្លាំងណាស់លើផ្នែកសិទ្ធិមនុស្សនេះ។ នេះបើតាមអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលបានអំពាវនាវឱ្យប្រធានាធិបតីបារាំងឈប់ធ្វើគរ ធ្វើថ្លង់ ឬឈប់អនុគ្រោះដល់របបដឹកនាំមួយនេះទៀត។ អង្គការបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់លោកស៊ីស៊ី នៅប្រទេសបារាំង ជាវិញ្ញាសារតេស្តរបស់លោកប្រធានាធិបតី​ ម៉ាក្រុង ក្នុងវិស័យសិទ្ធិមនុស្ស៕ ម៉ែវ សាធី


ចែករំលែក៖