កងពលធំលេខ៧របស់កម្លាំងទាហានជើងទឹក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែតុលាបានប្រកាសថា នាវាផ្ទុកយន្ត ហោះ ទីពីររបស់កម្លាំងទាហានជើងទឹក អាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់កូរ៉េខាងជើង ក្នុងពេលដែលស្ថានការណ៍កំពុងតែតានតឹងខ្លាំងឡើង ។
នាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានចាកចេញពីកំពង់ផែនៅ San Diego អាមេរិកតាំងពីដើមខែតុលា ដោយមានគម្រោងទៅកាន់សមុទ្រ ប៉ាស៊ី ហ្វិក ។នាវាផ្ទុកយន្តហោះខាងលើនឹងចូលរួមជាមួយក្រុមនាវាផ្ទុកយន្តហោះ USS Ronald Reagan និងនាវាចម្បាំងជា ច្រើនទៀត នៅតំបន់សមុទ្រ ក្នុងឧបទ្វីប កូរ៉េ។
តាំងពីដើមមក មិនដែលមាននាវាផ្ទុកយន្តហោះអាមេរិក រហូតដល់ទៅ២គ្រឿង មកជួបជុំគ្នាក្នុងតំបន់សមុទ្រកូរ៉េខាងជើងនោះឡើយ តែពេលនេះ បែរជាបង្ហាញខ្លួនព្រមគ្នាក្នុងពេលស្ថានការណ៍កំពុងតែតានតឹងស្ទើរផ្ទុះសង្គ្រាម រវាងអាមេរិកនឹងកូរ៉េខាងជើងទៅហើយនោះ។
វត្តមានរបស់កម្លាំងទាហានអាមេរិកនិង នាវផ្ទុកយន្តហោះទីពីរ កើតឡើងក្នុងពេលដែលអាមេរិកកូរ៉េខាងត្បូង និង ជប៉ុនធ្វើសមយុទ្ធត្រីភាគី ស្តីពីការ ការពារ កាំជ្រួចមីស៊ីល ដែលអាចវាយប្រហារពី កូរ៉េខាងជើង។
សមយុទ្ធខាងលើធ្វើឡើងរយៈពេល ២ថ្ងៃ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុង ការរាវរក និងតាមដានមីស៊ីល ដែលបានបាញ់បង្ហោះដោយកូរ៉េខាងជើង ក្នុងគ្រា មានភាពតានតឹង កាន់តែខ្លាំងឡើងលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌ មានក្យូដូជប៉ុន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
យោងតាមមេបញ្ជាការកងកម្លាំងរួម របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ការធ្វើសមយុទ្ធលើកទី៥ នេះកំពុងត្រូវ បានធ្វើឡើង នៅក្នុងដែនទឹកនៃប្រទេស កូរ៉េខាងត្បូង និងជប៉ុន ដោយមានការ ចូលរួមពីនាវា Aegis មកពីប្រទេសទាំងបី ប៉ុន្ដែមិនមានការបាញ់គ្រាប់មីស៊ីល ក្នុង អំឡុងធ្វើសមយុទ្ធនេះទេ។
នៅទីក្រុងតូក្យូលោក Yutaka Murakawa មេបញ្ជាការ កងកម្លាំងការពារដែន សមុទ្រជប៉ុន បានលើកឡើងថា “នេះគឺជា សមយុទ្ធដ៏សំខាន់មួយ ដែលស្ថិតនៅ ក្រោមស្ថានភាពសន្តិសុខបច្ចុប្បន្ន ហើយ យើងចង់ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ត្រីភាគីរបស់យើង ដោយបន្តការធ្វើសម យុទ្ធទាំងនេះ”៕ ម៉ែវ សាធី