ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងបានបើកសវនាការប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទឈ្មោះ រស់ សុភារ័ត្ន ភេទស្រី អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ និងពិន័យប្រាក់ចំនួន៤ លានរៀលចូលជាថវិការដ្ឋពីបទរំលោភលើទំនុកចិត្តលើអតិថិជន៧៤នាក់ (អ្នក ដែលដាក់ពាក្យប្ដឹង) ប្រព្រឹត្តអំឡុង ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ នៅក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស និងផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ យោងតាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទឈ្មោះ រស់ សុភារ័ត្ន បាន ឆ្លើយថា ក្រុមហ៊ុនខ្លួនមានបម្រើសេវាកម្ម លក់សំបុត្រយន្តហោះក្នុងប្រទេសក្រៅ ប្រទេស និងរៀបចំដំណើរកម្សាន្តក្នុងនិងក្រៅប្រទេស ។
ជនជាប់ចោទបន្តថា អតិថិជនដែល ក្រុមហ៊ុនមិនបានបម្រើសេវាកម្មត្រឹមតែជាង ២០នាក់ តែប៉ុណ្ណោះ ។
ក្រោយពីបែករឿងមិនមានឈ្មោះអតិថិ ជនឡើងយន្តហោះទៅបរទេសទើបក្រុម ហ៊ុនបានសម្របសម្រួល ជាមួយអតិថិជន បានខ្លះ ហើយអ្នកខ្លះមិនព្រមក៏ដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ជនជាប់ចោទបានឆ្លើយថា បុគ្គលិក របស់ខ្លួន ឈ្មោះ ង៉ែត ធារី មានតួនាទី ជាប្រធានគណនេយ្យ និងលក់សំបុត្របានលួចលុយក្រុមហ៊ុនរត់បាត់ដែលជាលុយថ្លៃសំបុត្រយន្តហោះជាង៣០នាក់ជាសាច់ ប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារទើបក្រុមហ៊ុនខ្វះលុយសងទៅអតិថិជន ។
ក្រុមដើមបណ្ដឹងបានអះអាងថា ពួកគាត់បានទៅទិញសេវាកម្មដំណើរកម្សាន្តនៅក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និង ទួរស៍ដើម្បីទៅដើរលេងនៅបរទេស ប៉ុន្តែ ដល់ថ្ងៃឡើងយន្តហោះស្រាប់តែគ្មានឈ្មោះជិះយន្តហោះទើបបែករឿងដឹងថា ក្រុមហ៊ុនបោកប្រាស់ក៏បានដាក់ពាក្យប្ដឹងទៅសមត្ថ កិច្ចឲ្យឃាត់ខ្លួនជនជាប់ចោទតែម្តងទៅ ។
ក្រុមដើមបណ្តឹងបានប្ដឹងទាមទារត្រឹមតែលុយដែលខ្លួនបានខាតបង់ក្នុងម្នាក់ៗ ចន្លោះពី១.០០០ដុល្លារទៅជាង១ម៉ឺន ដុល្លារអាមេរិក ។
គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ រស់ សុភារ័ត្ន កាលពីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីមានអតិថិជនប្រមាណជាង២០នាក់បានលើកគ្នាទៅតវ៉ានៅមុខក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន មានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មក រារាជ ធានីភ្នំពេញ ៕ ហេង សូរិយា