មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង មួយរូប បានព្រមានថា កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកបរមាណូនៅលើអាកាស តំបន់ សមុទ្រប៉ាស៊ីហ្វិក។ ការប្រកាសរបស់កូរ៉េ ខាងជើង មិនមែនជាការនិយាយឲ្យតែរួចពីមាត់នោះឡើយ គឺកូរ៉េខាងជើងនឹងធ្វើនូវអ្វីដែលខ្លួនបានលើកឡើងក្នុងពេលឆាប់ៗខាងមុខ។
លោក Ri Yong pil មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសកូរ៉េខាងជើង បាន បញ្ជាក់ថា« កូរ៉េខាងជើង នឹងធ្វើការសាកល្បងគ្រាប់បែកបរមាណូ ក្នុងពេលដ៏ខ្លីខាង មុខ»។ កាលពីខែមុន ក្រសួងការបរទេសកូរ៉េខាងជើងក៏បានព្រមានថា កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកអុីដ្រូហ្សែន នៅ ពេលខាងមុខ ក្នុងពេលដែលទំនាក់ទំនងជាមួយអាមេរិកប្រឈមមុខតានតឹងដាក់គ្នា ។ការប្រកាសរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលលោកត្រាំ ព្រមាន ថា កូរ៉េខាងជើងនឹងរងការកម្ទេចទាំងស្រុង ។
ការលើកឡើងរបស់កូរ៉េខាងជើង ក្នុងពេលដែលអាមេរិកបង្កើនកម្លាំងអាវុធទៅកាន់ កូរ៉េខាងត្បូងនិងជប៉ុន ដើម្បីជាការត្រៀមលក្ខណៈវាយប្រហារទៅលើទីតាំងបរមាណូរបស់កូរ៉េខាងជើង ។ កន្លងមក អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ លើកទីពីរទៅកាន់កូរ៉េខាងត្បូង ហើយពេល នេះបញ្ជូនយន្តហោះ ចម្បាំងជាច្រើនទៅកាន់ប្រទេសជប៉ុនបន្តទៀត។
តាមសារព័ត៌មាន The Nationa Interest ចេញផ្សាយកាលពីថ្ងៃពុធទី២៥ ខែ តុលា ថា សព្វាវុធ ដ៏ខ្លាំងក្លា និងមានឥទ្ធិ ពល បំផុតនៅក្នុងជួរកងកម្លាំងទ័ពអាមេរិកនឹងធ្វើដំណើរ មកដល់ប្រទេសជប៉ុនដើម្បីត្រៀមខ្លួនក្នុងការ វាយប្រហារណាមួយ ក្នុងពេលអនាគត ទៅលើប្រទេសកុម្មុយ នីស្ត កូរ៉េខាងជើងដែលកំពុងមានភាព តានតឹងជាមួយ នឹងប្រទេសជិតខាង និង អាមេរិក។
ប្រភពដដែលបានសរសេរទៀតថា ខណៈដែលកំពុងភាពតានតឹងនេះអាមេរិកនឹង ចាប់ផ្តើមបង្កើនឥទ្ធិពលរបស់ខ្លួន បង្ហាញដល់កូរ៉េខាងជើងតាមរយៈការដាក់បន្ថែមកម្លាំងទ័ព ជាពិសេសជាងគេបំផុត នោះអាមេរិក មានគម្រោងរួចហើយក្នុង ការបញ្ជូនយន្តហោះចម្បាំង ប្រភេទថ្មី បំផុតF-35Aជាច្រើនគ្រឿង ឲ្យទៅដល់ មូលដ្ឋានទ័ព លើកោះអូគីណាវ៉ានៃប្រទេស ជប៉ុនក្នុងខែវិច្ឆិកា ខាងមុខនេះ។
ក្នុងនោះគេអាចជឿជាក់ថា យន្តហោះ ប្រភេទF-35A នេះដែលមានចំនួន១២ គ្រឿង ជាមួយនឹងក្រុមការងារអាកាស យានិកទៅដល់៣០០នាក់ នឹងហោះចេញ ពីមូលដ្ឋានទ័ពអាមេរិក ក្នុងរដ្ឋUtahនឹង ទៅដល់ជប៉ុន ដើម្បីត្រៀមខ្លួនប្រសិនបើ សង្គ្រាមជាមួយកូរ៉េខាងជើង អាចកើតឡើង ភ្លាមៗនោះ៕ ម៉ែវ សាធី