ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះ លោក ស៊ី ជីនពីង ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩ បោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
ក្នុងសារលិខិតអបអរសាទររបស់សម្ដេចតេជោ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានគូសបញ្ជាក់ថា «តាំងនាមគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង នូវការអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះឯកឧត្ដម ដែលត្រូវបាន មហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩របស់បក្សកុម្មុយនីស្តចិន បោះឆ្នោតជ្រើសតាំងឯកឧត្ដម សាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
ការជ្រើសតាំងឯកឧត្ដមសាជាថ្មីគឺឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងប្រជាជនចិនបានបន្តនូវទំនុកចិត្តដ៏មុតមាំនិងពេញទំហឹងចំពោះឯកឧត្ដម ដើម្បីដឹកនាំប្រទេសចិន នៅយុគសម័យថ្មីនេះ។
ខ្ញុំសូមវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះសមិទ្ធផលដ៏ធំធេងនិងថ្មីៗ ជាពិសេសការ អភិវឌ្ឍសេដ្ឋកិច្ច ជោគជ័យថ្មីសំខាន់ៗក្នុងកំណែទម្រងស៊ីជម្រៅគ្រប់ជ្រុង ជ្រោយ បញ្ហាប្រឈមដែល បានចាក់ឫ សយ៉ាងជ្រៅជាច្រើនត្រូវបានដោះស្រាយ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែ លម្អជាលំដាប់ ក្នុងរយៈពេលប្រាំឆ្នាំក្រោមការដឹកនាំ ដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន ដែលមានឯកឧត្ដម ស៊ី ជីនពីង ជាមេដឹកនាំស្នូលដែលតែងតែលើកឡើងនូវគំនិត និងយុទ្ធសាស្ត្រថ្មី ជាគោលការណ៍ណែនាំ គោលនយោបាយ សម្រាប់បុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រទេសជាតិ។ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន ដែលមានឯកឧត្ដមផ្ទាល់ជាមេដឹកនាំស្នូល ប្រជាជនចិននឹងសម្រេចបាននូវសមិទ្ធផលថ្មីៗធំធេងថែមទៀត តាមគោលដៅនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៩របស់បក្សកុម្មុយនីស្តចិន។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីឧត្ដមប្រយោជន៍នៃ ប្រទេសជាតិ និងប្រជាជនយើងទាំងពីរ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីប្រសិទ្ធពរជូនឯកឧត្ដមផ្ទាល់ នូវសព្ទសាធុការពរមហាប្រសើរ សុខុមាលភាពនិងសុភមង្គល ក្នុងការខិតខំប្រឹងប្រែងដ៏ឧត្ដុង្គឧត្ដម របស់ឯកឧត្ដម និងវិបុលភាពរបស់ប្រជាជនចិន»៕ ហេង សូរិយា