កាលពីថ្ងៃទី២៨ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បាននិយាយថា តំបន់កាតាឡូនៀ មិនអាចចាកចេញពីប្រទេសអេស្ប៉ាញឡើយ តំបន់នោះគួរតែរក្សាជាប្រទេសមួយដ៏រឹងមាំ និងឯកភាពជាតិ។
ជាមួយគ្នានោះប្រទេសជាច្រើនទៀត ក៏បានប្រឆាំងនឹងតំបន់កាតាឡូនៀដែលបានប្រកាសឯករាជ្យ។ ប្រទេសដែលប្រឆាំង នោះមាន អង់គ្លេស បារាំង អុីតាលី អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត នៅក្នុងតំបន់អឺរ៉ុប បានប្រកាសមិនទទួលស្គាល់តំបន់កាតាឡូនៀឯករាជ្យជាប្រទេស១ នោះឡើយ។
រដ្ឋមន្ត្រីការបរទេសបារាំងបានបញ្ជាក់ថា អេស្ប៉ាញត្រូវតែដោះស្រាយបញ្ហាតំបន់កាតាឡូនៀ ហើយរដ្ឋាភិបាលបារាំង គាំទ្រនៅគោលជំហររបស់នាយរដ្ឋមន្ត្រីអេស្ប៉ាញនៅក្នុងការការពារច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស ក៏បានប្រកាសផងដែរថា កាតាឡូនៀ បានប្រកាសឯករាជ្យ ពឹងផ្អែកទៅលើការបោះឆ្នោតប្រជាមតិ គឺជារឿងខុសច្បាប់ ហើយការរួបរួមគឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រទេសនេះ។
ក្រៅពីនេះ នៅមានប្រទេសតំបន់អឺរ៉ុបជាច្រើនផ្សេងទៀតដូចជា ប៊ែលហ្ស៊ិច ព័រទុយហ្គាល ក៏បានបង្ហាញពីគោលជំហរ គាំទ្ររដ្ឋាភិបាលអេស្ប៉ាញ ហើយអំពាវនាវឲ្យមានដំណោះស្រាយ បញ្ចប់វិបត្តិនៅក្នុងតំបន់។
ដោយឡែក មន្ត្រីណាតូ បានបញ្ជាក់ថា វិបត្តិនៅក្នុងតំបន់កាតាឡូនៀ គឺជារឿងផ្ទៃក្នុង របស់អេស្ប៉ាញ ហើយប្រទេសនេះ ចាំបាច់ត្រូវដោះស្រាយបញ្ហាខាងលើ តាមច្បាប់រដ្ឋធម្មនុញ្ញ។
នៅពេលនេះដែរ ព្រឹទ្ធសភាអេស្ប៉ាញបានបោះឆ្នោតកាលពីថ្ងៃទី២៧ ខែតុលា ដើម្បីស្នើសុំមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញ ប្រយោជន៍ដើម្បីបានដាក់ការគ្រប់គ្រង ដោយផ្ទាល់ទៅលើតំបន់កាតាឡូនៀ បន្ទាប់ពីសភាកាតាឡូនៀបានបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រចលនា ដែលប្រកាសឯករាជ្យរបស់ខ្លួន ពីប្រទេសអេស្ប៉ាញ នៅក្នុងទម្រង់នៃសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik។
សូមជម្រាបផងដែរថា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានអំពាវនាវដល់ជនជាតិអេស្ប៉ាញទាំងអស់ ឱ្យនៅស្ងប់ស្ងៀមនៅពេលដែលសភាតំបន់ កាតាឡូនៀបានប្រកាសឯករាជ្យ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ក៏បានប្តេជ្ញាថា នឹងស្តារនីតិរដ្ឋឡើងវិញ នៅក្នុងប្រទេសផងដែរ។
ការវិវឌ្ឍនេះ បានកើតឡើងបន្ទាប់ពីសភាកាតាឡូនៀបានបោះឆ្នោតសម្ងាត់ គាំទ្រចលនាដែលប្រកាសឯករាជ្យ ពីប្រទេសអេស្ប៉ាញ ក្នុងទម្រង់ជាសាធារណរដ្ឋមួយ។ ក្នុងចំណោមសមាជិកសភា១៣៥រូប គឺមានតែ៨២រូបប៉ុណ្ណោះ ដែលបានចូលរួមការបោះឆ្នោត ដោយក្នុងនោះ៧០សម្លេង បានបោះឆ្នោតគាំទ្រឯករាជ្យភាព ខណៈ១០សម្លេងទៀតប្រឆាំង។ សមាជិកសភា២នាក់បានបោះឆ្នោតសន្លឹកឆ្នោតទទេ។
ការបោះឆ្នោតនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅវិមានសភាបាសេឡូណា។ សមាជិកសភាកាតាឡូនៀ មកពីគណបក្សសង្គមនិយម និងបក្សប្រជាជន និង Ciudadanos បានចាកចេញប៉ុន្មាននាទី មុនពេលបោះឆ្នោតលើឯករាជ្យភាព ពីប្រទេសអេស្ប៉ាញនេះ៕ ម៉ែវ សាធី