ខេត្តកំពង់ធំ ៖ ការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត ចំនួន៣គម្រោង របស់ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានគេមើលឃើញថា អ្នកម៉ៅការ មានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ផ្ទុយពីក្រមសីលធម៌ សម្រាប់អ្នកទទួលការ ដែលបំរាមមិនឲ្យមានទង្វើនេះ។ ដំណើរការនៃការដេញថ្លៃនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសាលាឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានបានឲ្យសារព័ត៌មាននគរវត្តដឹងថា គម្រោងទី១ ជាគម្រោង កែលម្អផ្លូវលំក្រួសក្រហម និងដាក់លូ២កន្លែង ក្នុងឃុំបឹង តម្លៃប៉ាន់ស្មាន៨០.០២៣.៩១៩រៀល ត្រូវបានក្រុមហ៊ុន ស្រេង ប៊ុនឡេង ចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ៧៩.៤៥០.០០០រៀលប៉ុណ្ណោះ។ ទី២គម្រោង កែលម្អ ផ្លូវក្រាលក្រួសក្រហម ប្រវែង១.១៥០ ម៉ែត្រ ក្នុងឃុំបារាយណ៍ តម្លៃប៉ាន់ស្មាន ៧២.៧៦៤.៥៩២ រៀល ត្រូវបានក្រុមហ៊ុន ផេង ពាក្យ ចរចារត្រូវរ៉ូវគ្នាក្នុងតម្លៃតែ៧២.០០០.០០០រៀលប៉ុណ្ណោះ និងគម្រោងទី៣ សាងសង់ផ្លូវបេតុងអារមេ ប្រវែង២១០ម៉ែត្រ ក្នុងភូមិដូង ឃុំបល្ល័ង្ក តម្លៃប៉ាន់ស្មាន៩៣.៧៣៣.៩៨៩រៀល ត្រូវបានក្រុមហ៊ុន ម៉េង ឆេង ចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ ៩៣.០០០.០០០ រៀល។
សូមបញ្ជាក់ថា ក្នុងក្រមសីលធម៌ នៃការដេញថ្លៃ គឺហាមមិនឲ្យអ្នកទទួលការ ឃុបឃិតគ្នាទេ ប៉ុន្តែ ជាក់ស្តែង ដំណើរការដេញថ្លៃខាងលើនេះ គឺគេឃើញអ្នកទទួលការ បានចរចាគ្នារញេរញ៉ៃ មុនម៉ោង ដាក់សំណើដេញថ្លៃធ្វើឲ្យ ក្រុមគណៈកម្មការហាមឃាត់ជាញឹកញាប់ ។ ទោះជាយ៉ាងនេះក្តី ក្រោយពីបានដាក់សំណើដេញថ្លៃរួច មិនយូរប៉ុន្មាន ក្រុមអ្នកម៉ៅការ បាននាំគ្នា បើករថយន្តចេញពីមុខសាលាឃុំប្រហែល ១០០ ម៉ែត្រ ហើយចែកលុយគ្នា និងឈ្លោះប្រកែកគ្នាយ៉ាងអនាធិបតេយ្យ ដោយគ្មានញញើត ចំពោះ ម្ចាស់លទ្ធកម្ម និងគណៈកម្មការបន្តិចសោះឡើយ។
ភាពមិនប្រក្រតីនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍តាមទូរស័ព្ទប្រាប់សារព័ត៌មាននគរវត្តឲ្យដឹងថា លោកបានប្រគល់កិច្ចការនោះ ទៅឲ្យទីចាត់ការផែនការវិនិយោគខេត្ត។ ដោយឡែក លោក ខៀវ ប៉ាង នាយករងទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ធំ ភ្នាក់ងារយកព័ត៌មាននគរវត្តទូរស័ព្ទចូលដែរ តែគ្មានអ្នកទទួល។
លោក ហាក់ ម៉ុងហួត អភិបាលស្រុក បារាយណ៍បានឲ្យសារព័ត៌មាននគរវត្តដឹងតាមទូរស័ព្ទថា ខាងលោក គ្មានសិទ្ធិសម្រេចអ្វីទេ ហើយបើមានតំណាងជាអភិបាលរង ចូលរួមជាអធិបតី គ្រាន់តែបង្គ្រប់ៗកិច្ចតែប៉ុណ្ណោះ។ រីឯមេឃុំជាម្ចាស់លទ្ធកម្មទាំង៣ឃុំ សារព័ត៌មាននគរវត្ត មិនអាចសុំការពន្យល់បានទេ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។ ដូច្នេះសូមលោកអភិបាលខេត្តពិនិត្យមើលករណីនេះឡើងវិញ បើមិនដូច្នោះទេ ផ្លូវធ្វើហើយមិនបានប៉ុន្មាន ខូចវិញជាមិនខាន៕ ប៊ុន រិទ្ធី