ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តភាគ ភាពយន្តខ្នាតធំល្បីឈ្មោះជាច្រើនទៀតនឹងចាក់បញ្ចាំងលើកម្មវិធីSoyo

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តភាគ ភាពយន្តខ្នាតធំល្បីឈ្មោះជាច្រើននឹងត្រូវយកមកចាក់បញ្ចាំងក្នុងកម្មវិធីទូរស័ព្ទដៃSoyo។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ក្រោយពីSabay Digital Plus Co., Ltd (“Sabay”) បានក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Smart Axiata ។

Soyo ដែលជាកម្មវិធីទស្សនាវីដេអូតាមតម្រូវការ (SVDO) ដែលបង្កើតដំបូងគេនៅកម្ពុជា និងសេវា StreamOn ជាគម្រោងប្រើប្រាស់ទិន្នន័យអ៊ិនធឹណិតដែលបង់ប្រាក់ជាមុន និងជាគម្រោងមើលវីដេអូរបស់ Smart Axiata។ការរួមគ្នាបង្កើតបទពិសោធមើលវីដេអូបែបចល័តដ៏រីករាយ ជាមួយនឹងមាតិកាកម្សាន្តដ៏ទូលំទូលាយ សម្រាប់អតិថិជនទាំងសងខាង ដែលយល់ដឹងពីបច្ចេកវិទ្យា។កម្មវិធី Soyo នឹងត្រូវបានផ្តល់ជូនឥតគិតថ្លៃដល់អតិថិជន Smart សម្រាប់រយៈពេល ២ ខែដំបូង។ ក្រោយពីរយៈពេលផ្តល់ជូនសាកល្បងឥតគិតថ្លៃនេះហើយ អតិថិជនអាចជ្រើសរើសយកកញ្ចប់ Soyo ចំនួន ៣ ប្រភេទ មានដូចជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬក៏ប្រចាំខែ ខណៈដែលអតិថិជនក្រុមហ៊ុន Smart ទទួលបានអត្ថប្រយោជន៍បញ្ចុះតម្លៃរហូតដល់ទៅ ២០ភាគរយ ចំពោះតម្លៃធម្មតា ហើយការចំណាយប្រចាំថ្ងៃត្រឹមតែ ៤ សេនប៉ុណ្ណោះ។ កញ្ចប់ប្រចាំខែផ្ដល់នូវអត្ថប្រយោជន៍បន្ថែម ជាមួយនឹងមាតិកាដែលមិនមានផ្សាយពាណិជ្ជកម្ម។ កញ្ចប់ទាំង ៣ នេះ នឹងនាំយកមកជាមួយនូវចំនួនម៉ោងទស្សនាឥតដែនកំណត់ និងមាតិកាពិសេសៗផ្តាច់មុខ។

លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay ថ្លែងថា៖ “យើងដឹងថាប្រជាជនកម្ពុជា ចង់បានមាតិកាជាភាសាខ្មែរ ហើយមានគុណភាព។ មាតិកាដើមគឺមានតិចតួចណាស់ ប៉ុន្តែយើងក៏ដឹងដែរថា មានយុវជនវ័យក្មេងៗជាច្រើនសុទ្ធតែមានគំនិតច្នៃប្រឌិត។ ជាមួយនឹង Soyo មហិច្ឆតារបស់យើង គឺបង្កើតកម្មវិធីរឹងមាំមួយ ដើម្បីបង្ហាញស្នាដៃរបស់ពួកគេ ហើយកិច្ចសហការជាមួយ Smart ប្រាកដជាបង្កើនបណ្តាញចែកចាយកាន់តែទូលាយ។” រឿងខ្លីរដូវកាលទី ១ ឥលូវនេះមានតែនៅលើកម្មវិធី Soyo ហើយសម្រាប់រដូវកាលទី ២ ត្រូវបានប្រកាសរួចហើយនៅខែនេះ។ ទាំងអស់នេះនឹងបង្កើតឲ្យមានកម្មវិធីពានរង្វាន់ខ្សែភាពយន្តខ្លីនៅចុងឆ្នាំនេះ។ ក្រៅពីនេះ ខ្សែភាពយន្តផ្ដាច់មុខដែលមាននៅក្នុងកម្មវិធីនេះ រួមមាន “ស្រទន់មន្តស្នេហ៍” “មន្តស្នេហ៍លេខា” “ពស់កេងកង” និងរឿងភាគដែលស្រង់ចេញមកពីសៀវភៅលក់ដាច់បំផុតរបស់ខ្មែរ រឿង “បេសកម្មមួយ” គ្រោងចាក់បញ្ចាំងលើកដំបូងនៅឆ្នាំក្រោយ។លោក ជី សិលា បន្ថែមថា អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺផ្អែកលើមូលដ្ឋាននៃការយល់ដឹងតិចតួចរបស់យើង ការស្រលាញ់បច្ចេកវិទ្យាឌីជីថល និងត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលអាចនឹងកើតមានក្នុងទីផ្សារនេះក្នុងទសវត្សរ៍ក្រោយ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Smart នេះគឺផ្អែកលើការចូលរួមរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងគម្រោងភាពជាដៃគូផ្នែកកម្សាន្តឌីជីថលនានា ជាមួយនឹងសេវាប្រកបដោយភាពច្នៃប្រឌិត ខណៈដែលក្រុមហ៊ុនព្យាយាមពង្រឹងភាពនាំមុខរបស់ខ្លួនផ្នែកទិន្នន័យអ៊ិនធឹណិត និងអភិវឌ្ឍខ្លួនទៅជាម៉ាកយីហោគាំទ្រជីវិតរស់នៅបែបឌីជីថល។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ការផ្សំផ្គុំរវាងមាតិកា ដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាចែកចាយដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងភាពជាដៃគូរបស់យើងជាមួយនឹង Sabay ហើយយើងពិតជាមានក្តីរំភើបក្រៃលែង នៅពេលដែលភាពជាដៃគូនេះលេចចេញជារូបរាងយ៉ាងលឿនជាមួយនឹងកម្មវិធី Soyo។ យើងមានជំនឿចិត្តថា តាមរយៈការទទួលបានអ្នកទស្សនាកាន់តែច្រើនដោយសារសេវាចែកចាយមានតម្លៃសមរម្យ ផលិតករខ្សែភាពយន្តវ័យក្មេងទាំងអស់នឹងអាចចាប់ផ្ដើមបង្ហាញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឲ្យគេបានឃើញជាមិនខាន”៕ វឌ្ឍនា


ចែករំលែក៖