ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេព្រៃកំពង់ឆ្នាំងឈ្មោះ ឌីន ចាប់ឡានដឹកឈើមួយគ្រឿងជំរិតទារលុយ២ពាន់ដុល្លារទាំងកណ្តាលថ្ងៃចែស

ចែករំលែក៖

ប្រភពព័ត៌មានចេញពីក្រុមឈ្មួញបានខ្សឹបប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ថា មេព្រៃកំពង់ឆ្នាំងមួយរូប ដែលគេស្គាល់ឈ្មោះថា ឌីន បានធ្វើសកម្មភាពចាប់រថយន្តលួចបង្កប់ឈើប្រណីតធ្នង់មួយគ្រឿង ធ្វើសកម្មភាពជំរិតទារប្រាក់ទាំងកណ្តាលថ្ងៃចែសចំនួន២ពាន់ដុល្លារ ហើយបើឈ្មួញមិនឲ្យប្រាក់ទេនោះ គេនឹងមានវិធានការបញ្ជូនឡានដឹកឈើនេះទៅថ្នាក់លើ។

ការដែលលោកឌីន ជំរិតប្រាក់រហូតដល់២ពាន់ដុល្លារពីម្ចាស់រថយន្តដឹកឈើខាងលើ ដោយសារតែលោកឌីន មានកំហឹងថា កាលពីគ្រាកន្លងមកញយដងមកហើយ រថយន្តនេះចូលបង់លុយឲ្យគាត់តែ៤ទៅ៥ពាន់រៀលប៉ុណ្ណោះ ដោយកុហក់ថា ជាឡានដឹកធ្យូង ដឹកអុស ។ លុះមកដល់ពេលឥឡូវនេះ ត្រូវបែកការណ៍ លោកឌីន ក៏ធ្វើសកម្មភាពទារលុយសរុបតែម្តង។

ប្រភពខ្សឹបប្រាប់នគរវត្តទៀតថា លោកឌីន ជាមនុស្សរកសេដ្ឋកិច្ចឲ្យលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងមួយរូប ដែលមានឈ្មោះថោង វ៉ាន់វីរ៉ាវុទ្ធី ហើយគេមិនទាន់ដឹងថា តើលោកឌីន ជាមេព្រៃកំពង់ឆ្នាំងពិត ឬមិនពិតនៅឡើយទេ។

ប្រភពខ្សឹបថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោកឌីន បានធ្វើសកម្មភាពចាប់ឡានដឹកឈើមួយគ្រឿងប្រភេទរថយន្តទួរី កែច្នៃ បង្កប់ឈើប្រណីតប្រភេទធ្នង់ពេញរថយន្តតែម្តង ស្ថិតនៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោយការចាប់រថយន្តខាងលើនេះ លោកឌីន បានធ្វើសកម្មភាពជំរិតទារប្រាក់តាំងពីម៉ោងថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ទើបឈ្មួញយល់ព្រមប្រគល់លុយតាមវិងឲ្យលោកឌីន ដើម្បីថ្នូរនឹងការដោះលែងឲ្យបន្តដំណើរទៅវិញដោយរលូន ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ កាលពីព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នគរវត្តមិនអាចស្វែងរកការបំភ្លឺបានទេពីមេព្រៃឈ្មោះ ឌីន ដោយសារគ្មានលេខទូរស័ព្ទ៕

 


ចែករំលែក៖