ភ្នំពេញ៖រយៈពេលជាង២ខែហើយ ទាំងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និង សាលារាជធានីភ្នំពេញ ហាក់ស្ងាត់ឈឹងពុំទាន់មានការឆ្លើយតបបែបណាជុំវិញបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រោយទទួលពាក្យបណ្តឹងរួច ។ ម្ចាស់បណ្តឹង សុំឱ្យស្ថាប័នទាំងពីរនេះ ពន្លឿនចំណាត់ការផង ចៀសវាងបញ្ហាចេះតែអូសបន្លាយ និង ធ្វើឱ្យខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងរ របស់ភាគីពាក់ព័ន្ធ ។
ប្តីប្រពន្ធចំណាស់ពីរនាក់ ឈ្មោះ សុខ អឿន អាយុ៦៤ឆ្នាំ និង ប្រពន្ធឈ្មោះ មួង វ៉ាន់នី អាយុ៥៧ឆ្នាំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បានដាក់ពាក្យបណ្ដឹងតវ៉ាមួយច្បាប់ ជូនលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលមានកម្មវត្ថុ “សំណើសុំលុបចោលលិខិតលេខ១៧៨៣ដនស/អគ្គាធិ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងដែនដី ។
ក្រោយមក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អ្នកទាំងពីរដាក់ពាក្យសុំទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីសុំឱ្យលោកអភិបាលអន្តរាគមន៍ទៅលោក សារិន វណ្ណា ប្រធានមន្ទីរដែនដីរាជធានីភ្នំពេញ បញ្ជាក់ពីភាពត្រឹមត្រូវស្របច្បាប់ដែលកាលនោះ លោក ឃួង ស្រេង ជាអតីតអភិបាលខណ្ឌសែនសុខ បានចុះហត្ថលេខា លើពាក្យសុំសាងសង់របស់ពួកគាត់ហ៊ុព័ន្ធដីឡូតិ៍ តាមទំហំដែលច្បាប់ទទួលស្គាល់តាមវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) និងមានការចុះពិនិត្យ វាស់វែង ពីមន្រ្តីជំនាញភូមិបាលខណ្ឌសែនសុខ។
ពាក់ព័ន្ធបញ្ហានេះ ទាំងលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និង លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពុំមានការឆ្លើយតបបែបណា ពេលទទួលបានសំណួរពីអ្នកសារព័ត៌មាន តាមរយៈបណ្ដាញសង្គម ៕ ចេស្តា