ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយក្រុងភ្នំពេញចុះពិនិត្យនិងពន្លឿនការអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ទាំងយប់ដើម្បីជួយសម្រួលចរាចរណ៍នៅតំបន់ជម្ពូវ័ន្ដ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងផ្នែកជំនាញពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋាន និងពន្លឿនដំណើរការអ៊ុតកៅស៊ូទាំងយប់ នៅផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ព្រំប្រទល់ខេត្ដកណ្ដាល (បែកចាន) ប្រវែង ៧,៧៧០ម៉ែត្រ ដើម្បីជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរបានស្រួលនៅតំបន់ ជម្ពូវ័ន្ធ ខណ្ឌពោធិ៍សែនជ័យ។ ការចុះពិនិត្យការដ្ឋាននេះ បានប្រព្រឹត្ដទៅកាលពីរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

តាមការបញ្ជាក់ឲ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននគរវត្តថា ការបើកការដ្ឋានជួសជុលដោយអ៊ុតកៅស៊ូផ្លូវជាតិលេខ ៤នេះធ្វើឡើង តបទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤នេះ គឺធ្វើឡើងជាកំណាត់ ដោយកំណាត់ទី១.គឺចាប់ផ្តើមឡើងតាំពី យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដែលមានប្រវែង ១,៧៥០ម៉ែត្រ ទទឹង២២ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវកប់ស្រូវ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

ដោយឡែក កំណាត់ទី២.ប្រវែង ៥,៩៥០ម៉ែត្រ ទទឹង១៨ម៉ែត្រ ចាប់ពីផ្លូវកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាល ក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងស្ថាបនាគ្រឹះផងដែរ។

លោក សាំ ពិសិដ្ឋ បានរំឭកថា កាលពីព្រឹកថ្ងៃទី២៤ ខែតុលា កន្លងទៅថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានី និងតំណាងក្រសួង សាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំមួយ ដើម្បីបែងចែកការងារគ្នា លើការជួសជុលផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ឡើងវិញ តបទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះ មានការខូចខាតមួយចំនួន និងបង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរនោះ។

ការដែលបើកឲ្យមានកិច្ចប្រជុំនោះឡើង ក្នុងគោលបំណងដើម្បីបែងចែកគ្នាឲ្យដាច់ រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណា ដល់ចំណុចណា ដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណា ដែលខាងអាជ្ញាធររាជធានីភ្នំពេញជាទទួលខុសត្រូវ ក្នុងការជួសជុល? ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ ធ្វើឲ្យការជួលជុលមានការយឺតយ៉ាវ និងអូសបន្លាយពេលវេលា ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជា ពលរដ្ឋ។

យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំកាលណោះ គឺបានសម្រេចយ៉ាងច្បាស់លាស់ហើយ ពោលគឺលើផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ ដែលគ្រោងនឹងធ្វើការជួសជុលឡើងវិញ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ រដ្ឋបាលរាជធានីភ្នំពេញទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ មានប្រវែងជាង១៩ គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន ៧៧០ម៉ែត្រ៕ សំរិត


ចែករំលែក៖