ខេត្តព្រះសីហនុ៖ បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពងងុយដេករេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យ ក្រឡាប់រថយន្តតែម្ដងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្តធុនធំដឹកស្ករសមួយគ្រឿងម៉ាក HYUNDAI ពណ៌ បៃតង ពាក់ស្លាកលេខព្រះសីហនុ3A-3410 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ខេត្តកំពត លុះដល់ចំណុចខាងលើអ្នកបើកបរងងុយដេករេចង្កូតបុកជាមួយដើមអាកាស្យាធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់តែម្ដង។ គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
បច្ចុប្បន្នរថយន្តរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ឆ្លាម សមុទ្រ