ព័ត៌មានទាន់ហេតុការណ៍៖

ខ្យងស៊ីស្រូវពង្រោះប្រជាកសិករអំពាវនាវរកបទអន្តរាគមន៍នៅស្រុកចន្រ្ទា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាកសិករភូមិកោះក្បានកណ្តាល អំពាវនាវសុំឲ្យអោយអាជ្ញាធរ និងក្រសួងពាណិជ្ជកម្មរកទីផ្សារស្រូវ និងសុំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តជួយរកវិធីសាស្រ្តកម្ចាត់ខ្យងក្រហមបំផ្លាញស្រូវពង្រោះរបស់ពួកគាត់។

បើតាមកសិករម្នាក់ឈ្មោះយិន សំអឿន នៅភូមិកោះក្បានកណ្តាលឃុំសំរោងស្រុកចន្រ្ទា បានឲ្យសារព័ត៌មាននគរវត្តដឹងថា គាត់ធ្វើស្រែចំនួន២ហិកតា នៅឆ្នាំ២០១៧នេះ បានធ្វើស្រែពង្រោះនៅក្នុងខែ៨ម្តងគឺរលួយខូចអស់នៅក្នុងខែ៩ព្រោះម្តងទៀតក៏ត្រូវទឹកជំនន់ជនលិចរលួយអស់ម្តងទៀត ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានភ្ជួរ ព្រោះសារជាថ្មី គឺព្រោះពូជស្រូវអ៊ីអ៊ែរ័ ដំណើប អាយុ១០០ថ្ងៃ ជាពូជយកមកពីប្រទេសវៀតណាម ។

ប្រភពដដែលបន្តទៀតថា នៅតាមតំបន់ព្រំដែនក្នុងឃុំសំរោង ឃុំទួលស្តី ឃុំចន្រ្ទា ឃុំច្រេស ស្រុកចន្រ្ទា មានសត្វខ្យងក្រហមកើតជាច្រើន ហើយបានកាត់ស្រូវស៊ី ស្រែខ្លះខ្យងកាត់ស៊ីអស់ទាំងវើង ស្រែខ្លះទៀតកាត់អស់ស្ទើរតែអស់ក៏មាន។ ដូច្នេះ ពេលព្រោះស្រូវ ត្រូវទិញថ្នាំសម្លាប់ខ្យងពីប្រទេសវៀតណាម ក្នុងមួយកញ្ចប់តម្លៃ៣ម៉ឺនដុង ក្នុងមួយហិកតាត្រូវចំណាយថ្នាំខ្យង២០កញ្ចប់អស់ទឹកប្រាក់ ៦០ម៉ឺនដុងស្មើ១២ម៉ឺនរៀល ហើយបើចំណាយទៅលើថ្នាំពុល ជី និងពូជ បូមទឹក សរុប១លានរៀលទៅ១លាន៤សែនរៀលក្នុង១ហិកតា ទិន្នផលស្រូវ ដំណើបក្នុង១ហិកតា បាន៣តោនទៅ៣,៥តោន ហើយតម្លៃស្រូវដំណើបវៀតណាមទិញក្នុង១គីឡូក្រាមតម្លៃ៥០០០ដុងស្មើ១ ០០០ រៀលជួនបានថ្លៃ គឺ១៤០០រៀលក្នុង១គីឡូក្រាម។ បើធ្វើស្រូវអ៊ីអ៊ែរ័ ណាំខុងបូង ប្រភេទស្រូវខ្សាយ គឺ១ហិកតា បានទិន្នផល ៥តោន ក៏ប៉ុន្តែបានតម្លៃថោក ១គីឡូក្រាម៣៥០០ទៅ៤០០០ដុងប៉ុណ្ណោះស្មើ៧៥០រៀលដូច្នេះក្នុង១ហិកតា អាចចំណេញបានត្រឹម១លានរៀល ទៅ១លានប្រាំសែនប៉ុណ្ណោះ បើមានហាងឆេងល្អបាន២លានរៀល។

ក៏ប៉ុន្តែ ពេលណាដល់រដូវច្រូតកាត់មានស្រូវច្រើន ឈ្មួញវៀតណាមទម្លាក់តម្លៃភ្លាម និងមិនទិញក៏មាន ហើយកសិករត្រូវការលក់ស្រូវបន្ទាន់ដើម្បីយកប្រាក់ទៅសងធនាគារឯកជន ។

ប្រជាកសិករបានអំពាវនាវសុំឲ្យមន្ត្រីជំនាញផ្នែកកសិកម្មជួយអន្តរាគមន៍កំចាត់សត្វខ្យងក្រហម នេះ និងសូមអាជ្ញាធរជួយរកទីផ្សារលក់ស្រូវ ឲ្យពួកគាត់ផង៕ យឹម សុថាន


ចែករំលែក៖