ភ្នំពេញ៖ ក្មេងទំនើងជាសិស្សាមួយក្រុម មានគ្នា៧ម៉ូតូ ជិះម៉ូតូដេញវាយគ្នាដូចក្នុងរឿងកុន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចដេញតាមចាប់ខ្លួនបាន៣នាក់ ដកហូតបានម៉ូតូស៊ុយសាគីនិច មួយគ្រឿង ចំណែកបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៤៨៨ ក្រោយវិទ្យាល័យផ្សារដើមថ្កួវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ណន ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ , ទី២ឈ្មោះ គីម ដារ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងជនសង្ស័យទី៣ឈ្មោះ ម៉ា វុទ្ធាផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ១៣៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងដែលជាសិស្សសាលាមានគ្នា៧ម៉ូតូ បានជិះដេញវាយគ្នាយ៉ាងប្រសាច ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ ខ្លះទៀតកាន់ដាវជាប់ក្នុងដៃ មើលទៅដូចជាគ្មានសណ្តាប់ធ្នាប់និងអណាធិបតេយ្យយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន កំពុងល្បាតបានឃើញក៏ធ្វើការដេញតាមចាប់ខ្លួនបានចំនួន៣នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DC-6890 បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរបន្តនិងចាត់ការតាមផ្លូវច្បាប់តែម្តង ៕ សរស្មី