ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានផ្ទៃពោះ៨ខែធ្លាក់ពីអគារខុនដូឌីធី ខណ្ឌចំការមនស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ធ្លាក់ពីលើអគារខុនដូកំពុងសាងសង់មួយបានកើតឡើង បណ្តាលឲ្យស្ត្រីមានផ្ទៃពោះ៨ខែម្នាក់បាត់បង់ជីវិតទាំងម្តាយ និងកូនយ៉ាងអាណោចអាធ័ម ដោយសាកសពទើរនៅលើធ្នឹមដែកតែម្តង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅអគារខុនដូឌីធីដែលកំពុងសាងសង់ តាមបណ្តោយផ្លូវ១៦៧ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់កាសែតនគរវត្តថា មុនកើតហេតុ ស្ត្រីរងគ្រោះដែលជាកម្មករសំណង់បានឡើងទៅកន្លែងប្តីកំពុងផឹកស្រានៅជាន់ទី៨នៃអគារខុនដូឌីធី ដើម្បីទៅហៅប្តី ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច មួយសន្ទុះក្រោយមក ស្រាប់តែស្ត្រីរងគ្រោះធ្លាក់ពីអគារជាន់ទី៨ចុះមកដី ប៉ុន្តែត្រូវជង់នឹងចម្រឹងដែកនៅអគារជាន់ទី៥ បណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូននៅក្នុងផ្ទៃនោះតែម្តង ហើយឈាមបានច្រាលធ្លាក់ចុះមកដីយ៉ាងក្រហមឆ្អិនឆ្អៅមើលទៅគួរឲ្យសង្វេគបំផុតរកអ្វីប្រៀបផ្ទឹមពុំស្មើ។

សមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុបានប្រាប់កាសែតនគរវត្តថា ជនរងគ្រោះឈ្មោះ ឡុង ញ៉ាញ់ អាយុ២៤ឆ្នាំ មានផ្ទៃពោះ៨ខែ មុខរបរកម្មករសំណង់ រស់នៅការដ្ឋានសំណង់កន្លែងកើតហេតុ ។ រីឯប្តីឈ្មោះ ប៊ុន អូន អាយុ២៥ឆ្នាំ ។ ពួកគេទាំងពីរនាក់មានស្រុកកំណើតនៅខេត្តកំពង់ចាម ៕ ស រស្មី

 


ចែករំលែក៖