ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះ៣គ្រឿងរបស់អាមេរិកនឹងចូលរួមធ្វើសមយុទ្ធព្រមគ្នានៅក្នុងទ្វីបអាស៊ី

ចែករំលែក៖

ក្រុមកងពលនាវាផ្ទុកយន្តហោះចំនួន ៣ ដែលមាននាវាចម្បាំងជាច្រើនរបស់ អាមេរិកនឹងធ្វើសមយុទ្ធនៅទ្វីបអាស៊ីនា ពេលដ៏ខ្លីខាងមុខ។ ការធ្វើសមយុទ្ធនោះគឺដូចជាការគំរាមកំហែងដល់កូរ៉េខាងជើងយ៉ាងដូច្ចោះដែរ។

កន្លងមកមន្ត្រីយោធាអាមេរិកបាន បញ្ជាក់ថា ការធ្វើសមយុទ្ធបានឡើង គម្រោងជាយូរណាស់មកហើយ ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់។ ការធ្វើសមយុទ្ធនៅក្នុងពេលដ៏ខ្លីខាងមុខ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលដែលមិនប្រកាសឲ្យ ដឹងជាមុន។

ចូលរួមនៅក្នុងការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនោះ មាននាវាផ្ទុកយន្តហោះ៣ គ្រឿង ប្រភេទ USS Nimitz, Norald Reagan, Theodore Roosevelt និងនាវាចម្បាំង ការពារនាវាផ្ទុកយន្តហោះទាំង៣គ្រឿងនោះ ចូលរួមនៅក្នុងសកម្មភាពធ្វើសម យុទ្ធនោះដែរ។

នាវាផ្ទុកយន្តហោះអាមេរិកតែងតែធ្វើ ដំណើរចុះឡើងនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែការដែលចូលរួមធ្វើសមយុទ្ធព្រមគ្នា នាវាផ្ទុកយន្តហោះ៣គ្រឿង គឺជារឿងមួយ ដ៏កម្រ។ មន្ត្រីយោធាអាមេរិកបានបញ្ជាក់ ថា នេះជាការប្តេជ្ញាការពារសម្ពន្ធមិត្តគេចផុតពីការគំរាមកំហែងរបស់កូរ៉េខាងជើងនៅក្នុងតំបន់។

អគ្គមេបញ្ជាការកងទ័ពអាមេរិកលោក Kenneth McKenzie Jr បានឲ្យដឹងថា «សកម្មភាពខាងលើគឺជាការបង្ហាញពីឥទ្ធិពលយោធា ដែលគ្មានប្រទេសណាមួយ អាចធ្វើបានក្រៅពីអាមេរិក»។ ការធ្វើសមយុទ្ធនៅតំបន់សមុទ្រអាស៊ីដែលមានការ ចូលរួមពីនាវាផ្ទុកយន្តហោះ៣គ្រឿងកើតឡើងចុងក្រោយបំផុតគឺនៅឆ្នាំ២០០៧។

ក្រៅពីនាវាផ្ទុកយន្តហោះនៅមាននាវាចម្បាំង១៥គ្រឿង យន្តហោះចម្បាំង១៧ គ្រឿង និងយន្តហោះទម្លាក់គ្រាប់B-52 ផងដែរ។

សកម្មភាពធ្វើសមយុទ្ធរបស់អាមេរិក កើតឡើងក្នុងពេលដែល លោក ត្រាំ បាន ព្រមានកាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ការអត់ ធ្មត់ទៅលើកូរ៉េខាងជើងបានបញ្ចប់ហើយ។

នៅថ្ងៃទី៧ ខែវិច្ឆិកានេះ លោក ត្រាំ បាន បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធិរបស់អាមេរិកក្នុងតំបន់។ លោក ត្រាំ ធ្លាប់បានប្តេជ្ញា ការពារកូរ៉េខាងត្បូងគេចផុតពីការគំរាម កំហែងរបស់កូរ៉េខាងជើង។ អាមេរិកនឹង កម្ទេចកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ វាយប្រហារកូរ៉េខាងត្បូងនោះ៕ ម៉ែវ សាធី

 


ចែករំលែក៖