ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញបំពេញទស្សនកិច្ចលើនាវាពិឃាតរបស់រុស្ស៊ី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងទស្សនានៅលើនាវារបស់ទាហានជើងទឹករុស្ស៊ីពីរគ្រឿង ដែលកំពុងចតនៅកំពង់ផែខេត្តព្រះសីហនុ តបតាមការអញ្ជើញរបស់ឧត្តមនាវី អេតដេវ មីកខាយ្យូ មេបញ្ជាការកងការប៉ាល់ នៃកងទ័ពជើងទឹករុស្ស៊ី។

ក្នុងដំណើរទស្សនកិច្ចនៅលើនាវា លោកនាយឧត្តមសេនីយ៍ គន់ គីម ដែលអមដំណើរដោយយោធាជាន់ខ្ពស់របស់កម្ពុជាមួយចំនួនដែរនោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយថ្នាក់ដឹកនាំ និងកងទ័ពនៅលើនាវាទាំងពីរគ្រឿងនេះ។ លោកនាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានអញ្ជើញទស្សនា និងណែនាំពីការងារជាច្រើនរបស់កងទ័ពជើងទឹករុស្ស៊ីនៅលើនាវាពិឃាតទាំងពីរគ្រឿង។

ក្រោយពីបានទស្សនា និងឈ្វេងយល់ពីការងារនៅនាវាទាំងពីរនេះហើយ ឧត្តមនាវី អេតដេវ មីកខាយ្យូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ គន់ គីមដែលបានអញ្ជើញទស្សនកិច្ចនៅលើនាវារបស់ខ្លួន។ កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការប្រកួតកីឡាជាមួយកងទ័ពជើងទឹករបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា នាវាជើងទឹករបស់រុស្ស៊ី ចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈ៧ថ្ងៃនៅកម្ពុជា។

នាវាដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុនេះរួមមាន៖ នាវាឈ្មោះ Admiral Panteleyev 548 ​មាន​បណ្តោយ​ ១៦២,៨០ ​ម៉ែត្រ​ទទឹង​ ១៩,០២ ​ម៉ែត្រ​ជម្រៅ​ ៦,២០ ​ម៉ែត្រ​ និង​មាន​សមត្ថភាព​ផ្ទុក​បាន​ ៦៩៥៥ ​តោន​មាន​​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​រួមមាន មីស៊ីល​ប្រឆាំង​នាវា​មុជ​ទឹក ២x៤ SS.N14 មាន​កាណុង​បញ្ឈរ​សម្រាប់​បាញ់​មីស៊ីល​ទៅ​លើ​អាកាស SA.N.9 ​ចំនួន​ ៨, ​កាំភ្លើង​ធំ​ ១០០mm ចំនួន​ពីរ​​ AK.630 ​ចំនួន​ ៤ ​បំពង់​,Torpedo 553mm ៤ ​បំពង់​, ASW/ASUW ចំនួន​ពីរ​,​កាំភ្លើង​រ៉ុក្កែត​សម្រាប់​ប្រឆាំង​នាវា​មុជទឹក​ RBU.600 ចំនួន​ ២ និង​ឧទ្ធម្ភាគចក្រ​ Ka.27Hellx ចំនួន​ពីរ​។

នាវា​នេះ​ដឹកនាំ​ដោយ​លោក​វរនាវីឯក Aleksey Anitsiferov និង​មាន​កងនាវិក​សរុប​ ៣៨៨ ​នាក់​ក្នុង​នោះ​នាយ​​នាវី​ ៣៨ ​នាក់ នាវិក​ ៣៥០ ​នាក់​។ ចំណែកឯ​នាវា​ឈ្មោះ Boris Butoma 621 ជា​ប្រភេទ​ដឹក​ប្រេង​មាន​បណ្តោយ​ ១៦១,១០ ​ម៉ែត្រ​ទទឹង​ ២១,៨០ ​ម៉ែត្រ មាន​ជម្រៅ​ ១០ ​ម៉ែត្រ​អាច​ផ្ទុក​បាន​រហូត​​ដល់​ ៧១៥០ ​តោន​។ ​នាវា​នេះ​​ដឹកនាំ​ដោយ​លោក​វរនាវីឯក Sergey Bondar និង​មាន​នាវិក​ជា​ជន​ស៊ីវិល​សរុប​ ៧៥ នាក់៕ ហេង សូរិយា

 

 

 


ចែករំលែក៖