ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីណាដឹកម៉ូតូអត់ពន្ធគេចពីគយបុកជាមួយនឹងរថយន្តទឹកកកនៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ តូយ៉ូតាស៊ីណាមួយគ្រឿង ដឹកម៉ូតូអត់ពន្ធ ដែលបានព្យាយាមបើកគេចពីគយ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងរថយន្តដឹកទឹកកកធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវខ្វែងទិសកែងមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខពាក់ស្លាកលេខ ភ្នំពេញ ២X-៤២៣៧ ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះកែវ ច័ន្ទសុភគ្រ អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ នៅពេលមដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ ២Y-៩៦៣៥ បើកបរដោយឈ្មោះ គូ លាងចិន ភេទប្រុស អាយុ២៧ឆ្នាំ បើកក្នុងទិសដៅពីលិចទៅកើតបើកយ៉ាងលឿន ព្យាយាមគេចពីសមត្ថកិច្ចគយ ហើយបានដល់ផ្លូវខ្វែងទិស ក៏ត្រូវរថយន្តដឹកទឹកកក ដែលបើកលើធំ សិទ្ធិអាទិភាពបុករថយន្តស៊ីណាពេញមួយទំហឹងតែម្តង បង្កឲ្យរថយន្តស៊ីណាជ្រុលទៅបុកនឹងបង្គោលភ្លើង ចំណែករថយន្តដឹកទឹកកក បានជ្រុលទៅបុកដើមឈើមួយដើម ដែលនៅក្បែរនោះ នៅក្នុងឧប្បតិហេតុនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

រថយន្តបង្កទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។

អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺនៅពេលដែលសមត្ថកិច្ចសួរនាំ ម្ចាស់រថយន្តស៊ីណានោះ ម្ចាស់រថយន្តនេះធ្វើសកម្មភាពមិនគប្បី មិនចង់ផ្តល់អត្តសញ្ញាណដល់សមត្ថកិច្ច ដោយមានការសង្ស័យ សមត្ថកិច្ចបានឆែកឆេររថយន្តស៊ីណា ដែលមានបិទស្កុតកញ្ចក់ខ្មៅ រកឃើញម៉ូតូម៉ាកហុងដាស្កូពី ចំនួន៣គ្រឿង ដែលពុំមានភ្ជាប់ឯកសារពន្ធគយមកជាមួយ ហើយបើតាមការបញ្ជាក់របស់មន្រ្តីសាខាគយខេត្តកំពង់ឆ្នាំង ក្នុងពេលនោះ ម៉ូតូដែលស្ថិតក្នងរថយន្តស៊ីណា គឺជាម៉ូតូដែលគេចពន្ធ ហើយសមត្ថកិច្ចគយនឹងឃាត់ទុកដើម្បីឲ្យម្ចាស់បំពេញឯកសារត្រឹមត្រូវ ។

មហាជនបានលើកឡើងថា តើរថយន្តនេះ បានដឹកម៉ូតូគេចពន្ធប៉ុន្មានឆ្នាំមកហើយ ទើបពេលមានបញ្ហាបានដឹងថា រថយន្តនេះជាមធ្យោបាយដឹកម៉ូតូគេចពន្ធ បានយ៉ាងរលូនពីព្រំដែនរហូតដល់ភ្នំពេញ ឆ្លងកាត់ខេត្តជាច្រើន ។ ដល់ពេលដែលសមត្ថកិច្ចរឹតបន្តឹងអនុវត្តពន្ធគយ អ្នករងគ្រោះគឺប្រជាពលរដ្ឋធម្មតាទៅវិញ ឯឈ្មួញដែលរកស៊ីខុសច្បាប់ជាអ្នករួចខ្លួនទៅវិញ ហើយនៅរកស៊ីលក់ម៉ូតូអត់ពន្ធជាធម្មតា ៕ ចន្ថា


ចែករំលែក៖